(តៃប៉ិ)៖ ប្រធានកិច្ចចរចាពាណិជ្ជកម្មនៃកោះតៃវ៉ាន់ លោក ចន តឹង (John Deng) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការស្នើសុំចូលជាសមាជិកកិច្ចព្រមព្រៀង ពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ឬ CPTPP អាចនឹងជួបហានិភ័យ ប្រសិនបើចិនអាចចូលរួមក្នុងកិច្ចព្រមព្រៀងនេះបានមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១។

ការលើកឡើងខាងលើរបស់លោក John Deng ធ្វើឡើងបន្ទាប់ពីតៃវ៉ាន់បានដាក់ពាក្យស្នើសុំជាផ្លូវការ ដើម្បីចូលជាសមាជិក CPTPP តែជាងមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីចិនបានដាក់ពាក្យស្នើសុំចូលជាសមាជិក កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះជាផ្លូវការ។ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក John Deng ក៏បានចោទប្រកាន់ប្រទេសចិនផងដែរថា បានព្យាយាមរារាំងកោះតៃវ៉ាន់ មិនឲ្យចូលរួមកិច្ចព្រមព្រៀងនេះ។

ប្រធានកិច្ចចរចាពាណិជ្ជកម្មតៃវ៉ាន់ខាងលើនេះ ថែមទាំងបានអះអាងទៀតថា សំណើរបស់ចិនកាលពីសប្ដាហ៍មុន មិនមានជាប់ពាក់ព័ន្ធនឹងសំណើរបស់តៃវ៉ាន់ឡើយ ហើយលោកក៏ទទួលស្គាល់ដែរថា វាពិតជាពិបាកក្នុងការព្យាករខ្លាំងណាស់ថា តើកោះតៃវ៉ាន់អាចនឹងត្រូវទទួលឱ្យចូលជាសមាជិក CPTPP ដែរឬក៏យ៉ាងណា។ តែទោះជាបែបនេះក្តី អ្វីដែលគេអាចដឹងច្បាស់នោះគឺ ប្រសិនបើចិនចូលបានមុន នោះតៃវ៉ាន់គ្មានផ្លូវអាចនឹងចូលរួមក្នុង CPTPP បាននោះឡើយ។

គួរបញ្ជាក់ថា CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយកើតចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលត្រូវបានអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញកាលពីឆ្នាំ២០១៧ ហើយនៅឆ្នាំ២០១៨ ទើបបណ្ដាប្រទេសជាសមាជិកនៅសេសល់ចំនួន១១ រួមមានអូស្រ្តាលី, ប្រ៊ុយណេ, កាណាដា, ស៊ីលី, ជប៉ុន, ម៉ាឡេស៊ី, ម៉ិកស៊ិក, នូវែលសេឡង់, ប៉េរូ, សិង្ហបុរី និងវៀតណាម រួមគ្នាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP នេះឡើង៕