(ប៉េកាំង)៖ “ពិភពលោកបានឈរនៅផ្លូវកែងនៃប្រវត្តិសាស្ត្រម្តងទៀត។ ខ្ញុំជឿជាក់ថា ចរន្តសន្តិភាព ការអភិវឌ្ឃ និងវឌ្ឍនភាពរបស់មនុស្សជាតិមិនអាចរារាំងបានទេ។” ពេលចូលរួមការជជែកដេញដោលជាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី២១ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើម និងវិធានការថ្មីមួយចំនួនស្តីពីបញ្ហាដូចជាសាមគ្គីគ្នា ធ្វើការប្រយុទ្ធប្រឆាំង ការស្តារសេដ្ឋកិច្ចឡើងវិញ ការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ និងធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាពជាដើម ដែលបានបង្ហាញពីសំណូមពរជាទូទៅ និងក្តីសង្ឃឹមរួមរបស់សហគមន៍អន្តរជាតិ ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករ ព្រមទាំងបានផ្តល់ “ដំណោះស្រាយចិន” ដល់ការធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាព។

ទាក់ទិននឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាសកល លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ថា ត្រូវបង្កើនការរួមគ្នាបង្ការ និងគ្រប់គ្រងជំងឺឆ្លងលើផ្ទៃអន្តរជាតិ ត្រូវចាត់ទុកវ៉ាក់សាំងជាផលិតផលសាធារណៈសកល ផ្តល់ការគាំទ្រ និងចូលរួមការតាមដានរកប្រភពដើមនៃជំងឺកូវីដ១៩ លោកបានថ្លែងថា ប្រទេសចិននឹងខិតខំប្រឹងប្រែងដើម្បីផ្តល់វ៉ាក់សាំង ២ពាន់លានដូស ដល់បរទេសក្នុងពេញមួយឆ្នាំ ហើយនឹងបរិច្ចាគដោយឥតសំណងនូវវ៉ាក់សាំង ១០០លានដូស ទៀតដល់ប្រទេសកំពុងអភិវឌ្ឍន៍ លើមូលដ្ឋានផ្តល់ជំនួយជាប្រាក់ចំនួន ១០០លានដុល្លារអាមេរិកដល់ “កម្មវិធីCOVAX”

ទាក់ទិននឹងសេដ្ឋកិច្ចសកល លោកប្រធាន Xi Jinping បានលើកឡើងជាលើកដំបូងនូវគំនិតផ្តួចផ្តើម ស្តីពីការអភិវឌ្ឍសកល ដោយអំពាវនាវឱ្យប្រកាន់ខ្ជាប់ “ការចាត់ទុកការអភិវឌ្ឍជាអាទិភាព” “តម្កល់ទុកប្រជាជនជាចម្បង” “ធ្វើការជំរុញដោយការច្នៃប្រឌិតថី្ម” និង “ការរួមរស់នៅជាមួយគ្នា ប្រកបដោយភាពចុះសម្រុងគ្នារវាងមនុស្ស និងធម្មជាតិ” ព្រមទាំងបានលើកឡើងថា ក្នុងរយៈពេលបីឆ្នាំខាងមុខ ចិននឹងផ្តល់ជំនួយអន្តរជាតិក្នុងតម្លៃ ៣ពាន់លានដុល្លារអាមេរិកថែមទៀត ហើយប្រកាសថា ប្រទេសចិននឹងខិតខំប្រឹងប្រែងផ្តល់ការគាំទ្រ ដល់ការអភិវឌ្ឍថាមពលបៃតង និងកាបូនទាបរបស់ប្រទេសកំពុងអភិវឌ្ឍន៍ និងលែងសាងសង់គម្រោងស្ថានីយអគិ្គសនីដើរដោយធ្យូងថ្ម នៅបរទេសទៀតទេ។

លោក Robert Lawrence Kuhn ប្រធាននៃមូលនិធី Kuhn របស់អាមេរិកបានចង្អុលបង្ហាញថា គំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍសកល ដែលលោកប្រធាន Xi Jinping បានលើកឡើងនោះ នឹងបំពេញបន្ថែម “កម្លាំងចលករយ៉ាងសកម្ម” ដល់ការអភិវឌ្ឍជាសកល។

ទាក់ទិននឹងទំនាក់ទំនងអន្តរជាតិ និងពហុភាគីនិយម លោក Xi Jinping បានលើកឡើងថា “ប្រជាធិបតេយ្យមិនមែនជាប៉ាតង់ របស់ប្រទេសណាមួយនោះទេ តែគឺជាសិទ្ធិរបស់ប្រជាជន នៃបណ្តាប្រទេសនានាហ្នឹងឯង” “កិច្ចជ្រៀតជ្រែកដោយយោធាពីខាងក្រៅ និងអ្វីដែលហៅថាការកែសម្រួលប្រជាធិបតេយ្យ នឹងនាំមកនូវផលវិបាកយ៉ាងច្រើន” “ត្រូវលះបង់ចោលរង្វង់តូច និងការប្រកួតប្រជែងផលបូកសូន្យ” ពិភពលោកមានប្រព័ន្ធតែមួយ សណ្តាប់ធ្នាប់តែមួយនិងក្បូនច្បាប់តែមួយ ។ល។ ពាក្យសំដីទាំងនេះមានអំណោយផល ដល់ការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មី ដែលគោរពគ្នាទៅវិញទៅមក សមភាព យុត្តិធម៌ សហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ។

គំនិតផ្តួចផ្តើមថ្មី និងវិធានការណ៍ថ្មីមួយចំនួនដែលលោកប្រធាន Xi Jinping បានប្រកាសក្នុងមហាសន្និបាតនៃអង្គការសហប្រជាជាតិលើកនេះ បានបញ្ជាក់យ៉ាងច្បាស់ថា៖ ជានិច្ចកាល ប្រទេសចិនតែងតែជាស្ថាបនិក នៃសន្តិភាពរបស់សកលលោក ជាអ្នករួមវិភាគទាននៃការអភិវឌ្ឍរបស់ពិភពលោក ជាអ្នកគាំពារសណ្តាប់ធ្នាប់ និងរបៀបរៀបរយអន្តរជាតិ និងជាអ្នកផ្តល់ផលិតផលសាធារណៈជាដរាប ប្រទេសចិនពិតជានឹងផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោក តាមរយៈការអភិវឌ្ឍថ្មីរបស់ខ្លួន។ នេះជាជម្រើសជាប្រវត្តិសាស្ត្ររបស់ប្រទេសចិន ហើយក៏ជាពាក្យសន្យា និងទំនួលខុសត្រូវរបស់ប្រទេសចិន ចំពោះពិភពលោកផងដែរ៕