(ប៉េកាំង)៖ នាពេលយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១៩ តាមម៉ោងក្រុងប៉េកាំង បន្ទាប់ពីត្រូវបានឃាត់ខ្លួនតាមទំនើងចិត្ត អស់រយៈពេល ១,០២៨ថ្ងៃ លោកស្រី Meng Wanzhou បានវិលត្រឡប់ចូលស្រុកកំណើតវិញ ដោយជិះយន្តហោះពិសេសរបស់រដ្ឋាភិបាលចិន។

កាលពីបីឆ្នាំមុន សហរដ្ឋអាមេរិកបានបំផុសសង្គ្រាមពាណិជ្ជកម្មយ៉ាងងងើល ដែលបានដាក់ទណ្ឌកម្មលើ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន ដូចជាក្រុមហ៊ុន Huawei ជាដើម ហើយបានលូកដៃខ្មៅទៅកាន់លោកស្រី Meng Wanzhou។ បីឆ្នាំក្រោយ លោកស្រី Meng Wanzhou បានត្រលប់មកវិញដោយសុវត្ថិភាព។

ស្ទើរតែក្នុងពេលជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្មអាមេរិកដែលដាក់បញ្ចូលក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីអង្គភាពបានបញ្ចេញព័ត៌មានថា មានបំណងដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសចិន ដើម្បីស្វែងរកឱកាសពាណិជ្ជកម្ម ក្នុងន័យកែលម្អទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន។

លោកស្រី Meng Wanzhou ត្រឡប់ចូលប្រទេសចិនវិញធ្វើឱ្យមតិសាធារណៈលោកខាងលិច មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កាលពីមួយខែមុន ប្រព័ន្ធសារព័ត៌មានបរទេសបានធ្វើការវិនិច្ឆ័យជាមុន បន្ទាប់ពីបានស្វែងយល់ពីទិន្នន័យកន្លងមក អំពីលទ្ធផលនៃសំណុំរឿងពាក់ព័ន្ធនៅកាណាដាថា លទ្ធភាពនៃការដកហូត បត្យាប័នរបស់លោកស្រី Meng Wanzhou មានត្រឹមតែ ១% ប៉ុណ្ណោះ។

យោងតាម «ស្គ្រីប» នៃមតិសាធារណៈលោកខាងលិច ប្រសិនបើលោកស្រី Meng Wanzhou ត្រូវបានដោះលែង គឺមុខជាមានបុរេលក្ខខណ្ឌជាមិនខាន។ ដូច្នេះនៅដើមដំបូង ពេលផ្សាយដំណឹងអំពីរឿង ដែលលោកស្រី Meng Wanzhou វិលត្រឡប់ចូលប្រទេសចិនវិញ ប្រព័ន្ធសារព័ត៌មានកាណាដានិងអាមេរិក សុទ្ធតែសម្គាល់ឃើញថា លោកស្រីបានសារភាពទោស និងបានប្រគល់ប្រាក់ពិន័យចំនួនច្រើន។ ក្រោយមកបានបង្ហាញថា លោកស្រី Meng Wanzhou មិនបានសារភាពទោសនោះទេ ហើយប្រព័ន្ធសារព័ត៌មានលោកខាងលិចមានតែប្រើពាក្យ «កែតម្រូវ» ដើម្បីបិទបាំងភាពអាម៉ាស់មុខរបស់ខ្លួនប៉ុណ្ណោះ។

ប្រព័ន្ធសារព័ត៌មានលោកខាងលិចខ្លះគិតដូច្នេះ គឺដោយសារតែពួកគេបានទម្លាប់ទង្វើអនុត្តរភាពនិយមរបស់អាមេរិក ដែលធ្វើអន្តរកម្មជាមួយប្រទេសដទៃទៀតពី «ឋានៈកម្លាំងអំណាច»។ ល្បែង «សារភាពទោសដើម្បីដោះដូរសេរីភាព» មិនបានកើតឡើងជាថ្មីម្តងទៀត ក្នុងសំណុំរឿងជនជាតិចិនលោកស្រី Meng Wanzhou នោះទេ។

ហេតុអ្វីបានជាសហរដ្ឋអាមេរិកមានការផ្លាស់ប្តូរ? រឿងនេះគឺស្ថិតនៅលើកម្លាំងការទូតដ៏ខ្លាំងក្លារបស់ប្រទេសចិន។ នៅខែកក្កដាឆ្នាំនេះ លោកស្រីWendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក បានទៅបំពេញទស្សនកិច្ចទៅប្រទេសចិន ប្រទេសចិនបានដាក់ចេញបញ្ជីចំនួនពីរ។ ការដោះលែងលោកស្រី Meng Wanzhou បានក្លាយជាបញ្ហាមួយ ក្នុងចំណោមបញ្ហាទាំង២៦ ដែលចិនបានលើកឡើង ដោយទល់មុខឱ្យសហរដ្ឋអាមេរិកដោះស្រាយ។

នេះគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ នៃការប្រាស្រ័យទាក់ទងរវាងចិននិងអាមេរិក។ បើប្រៀបធៀបទៅនឹង ទង្វើដែលចាកចេញពីសម្ព័ន្ធតាមទំនើងចិត្ត និងដាក់ទណ្ឌកម្មជាញឹកញាប់របស់អតីតរដ្ឋាភិបាលអាមេរិក «កិច្ចសហប្រតិបត្តិការ» បានក្លាយជា «ពាក្យតែងតែនិយាយ» របស់រដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន។ ប៉ុន្តែ ស្ទើរតែក្នុងពេលតែមួយ នៅពេលដែលលោកស្រី Meng Wanzhouត្រលប់ចូលប្រទេសចិនវិញ លោក Biden ប្រធានាធិបតីអាមេរិកបានធ្វើជា អធិបតីក្នុងកិច្ចប្រជុំកំពូលទល់មុខគ្នាលើកដំបូង របស់មេដឹកនាំនៃយន្តការ «កិច្ចសន្ទនាស្តីពីសន្តិសុខចតុភាគី» នៅឯសេតវិមាន។

ប្រធានបទគឺចំជា «កិច្ចសហប្រតិបត្តិការខាង ការស្រាវជ្រាវវិទ្យាសាស្ត្រនិងការផ្លាស់ប្តូរ”។ ទោះបីជាមេដឹកនាំនៃប្រទេសទាំងបួន មិនបាននិយាយអំពីប្រទេសចិន នៅក្នុងសុន្ទរកថាជាសាធារណៈរបស់ពួកគេ នៅក្នុងកិច្ចប្រជុំក៏ដោយ ក៏ប្រទេសចិននៅតែជា សំឡេងផ្ទៃខាងក្រោយនៃកិច្ចប្រជុំនេះ។ ប្រសិនបើអ្នកមើលឱ្យបានវែងឆ្ងាយបន្តិច សង្រ្គាមពាណិជ្ជកម្មមិនបានឈប់ទេ ក្នុងអំឡុងអាណត្តិនៃរដ្ឋភិបាលអាណត្តិពីររបស់សហរដ្ឋអាមេរិក ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ គោលដៅដែលអាមេរិក សង្ឃឹមអោយឈានដល់ដើមដំបូងគឺមិនបានសម្រេចបាននោះទេ។

ប្រទេសចិនមិនត្រឹមតែជា ប្រទេសដែលស្តារឡើងវិញលឿនបំផុត បន្ទាប់ពីផ្ទុះនូវជំងឺកូវីដ ១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រទេស ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបរទេសច្រើនជាងគេបំផុត នៅលើពិភពលោកទៀតផង។ គំនិតការទូតរបស់ចិន គឺផ្តល់ផលប្រយោជន៍ដល់គ្រប់ភាគី តែគំនិតការទូតរបស់អាមេរិក បែរជាបង្កភាពច្របូកច្របល់ដល់ពិភពលោកទៅវិញ។

រំលឹកឡើងវិញនូវព្រឹត្តិការណ៍លោកស្រី Meng Wanzhou យើងអាចយល់ដឹងកាន់តែច្បាស់អំពីនិន្នាការប្រវត្តិសាស្ត្រ។ មិនថាសហរដ្ឋអាមេរិកនឹងផ្លាស់ប្តូរមុខមាត់ប៉ុន្មានទេ ជំនឿរបស់ចិនក្នុងការដើរលើផ្លូវអភិវឌ្ឍន៍របស់ខ្លួន គឺមានភាពកាន់តែរឹងមំ ហើយដំណើរការប្រវត្តិសាស្ត្រនៃការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិន បានមិនអាចបញ្ច្រាសបានទេ៕