(វ៉ាស៊ីនតោន)៖ មន្ត្រីយោធាអាមេរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា កងកម្លាំងប្រតិបត្តិការពិសេសរបស់អាមេរិក បានលួចបង្វឹកកងទ័ពតៃវ៉ាន់ស្ងាត់ៗអស់ជាច្រើនខែ ហើយដែលទង្វើបែបនេះ ត្រូវបានទីក្រុងប៉េកាំងព្រមានខ្លាំងៗនៅថ្ងៃសុក្រនេះថា នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុត ទៅដល់់ទំនាក់ទំនងរវាងចិន និងអាមេរិក។ នេះបើតាមការដកស្រង់ព័ត៌មាន នៅរសៀលថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១។

បើតាមមន្ត្រីយោធាអាមេរិកខាងលើ កងកម្លាំងបំពេញប្រតិបត្តិការពិសេសអាមេរិក ដែលមានសមាជិកសរុប ២០នាក់ បានធ្វើការបង្វឹកកងទ័ពតៃវ៉ាន់ អស់រយៈពេលជិត ១ឆ្នាំ ហើយពួកគេទាំង ២០នាក់នោះបានឆ្លាស់វេនគ្នា ដោយមានការដកអ្នកចាស់ចេញ និងដាក់អ្នកថ្មីចូលវិញជាបន្តបន្ទាប់ផងដែរ។ បើតាមការបញ្ជាក់នៅក្នុងកាសែតអាមេរិក Wall Street Journal ការបង្វឹកកងទ័ពតៃវ៉ាន់ខាងលើនេះ បានកើតមានឡើងនៅចំពោះមុខ ភាពតានតឹងកាន់តែខ្លាំងរវាងប្រទេសចិន និងកោះតៃវ៉ាន់។

ជុំវិញព័ត៌មានខាងលើនេះ ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ ដោយបង្ហាញអំពីការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការលួចបង្វឹកកងទ័ពតៃវ៉ាន់ ពីសំណាក់កងទ័ពសហរដ្ឋអាមេរិកបែបនេះ។ ចិនបានព្រមានខ្លាំងៗនៅថ្ងៃសុក្រនេះថា «សហរដ្ឋអាមេរិកគួរតែទទួលស្គាល់ អំពីភាពផុយស្រួយកម្រិតខ្ពស់ នៃស្ថានការណ៍នៅកោះតៃវ៉ាន់ និងការបង្កផលប៉ះពាល់ដ៏អាក្រក់ ដោយសារតែសកម្មភាពនានារបស់ខ្លួន»

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីចៀន (Zhao Lijian) បានសង្កត់ធ្ងន់ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃសុក្រនេះទៀតថា «សហរដ្ឋអាមេរិកគួរតែបញ្ឈប់ ការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ និងទំនាក់ទំនងយោធាអាមេរិក-តៃវ៉ាន់ ដើម្បីកុំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ទំនាក់ទំនងចិន-អាមេរិក ព្រមទាំងសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ ចិននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន»

គួរបញ្ជាក់ថា ក្រសួងការពារជាតិនៃកោះតៃវ៉ាន់ បានបដិសេធមិនធ្វើការអត្ថាធិប្បាយអ្វីឡើយ នៅពេលត្រូវបានអ្នកសារព័ត៌មាន ទាក់ទងទៅសួរនាំអំពីរឿងរ៉ាវដ៏រសើបខាងលើនេះ។ ដោយឡែក អ្នកនាំពាក្យមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក លោក ចន សឹពផល (John Supple) បានអះអាងនៅក្នុងថ្ងៃដដែលនេះថា ការគាំទ្រពីសហរដ្ឋអាមេរិក ចំពោះយោធាកោះតៃវ៉ាន់ គឺប្រែប្រួលទៅតាមតម្រូវការជាក់ស្តែង ដើម្បីទប់ទល់នឹងការគំរាមកំហែងនានា៕