(វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ដោយដកស្រង់សម្តីអាជ្ញាធរថា មនុស្សទាំង ០៤នាក់នៅលើយន្តហោះធុនតូចមួយគ្រឿងប្រភេទ Cessna 210 បានស្លាប់នៅរសៀលថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បន្ទាប់ពីបានធ្លាក់ និងផ្ទុះឆេះនៅក្បែរទីក្រុងអាត្លង់តា (Atlanta) រដ្ឋចរចៀ (Georgia) សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បាននិយាយថា យន្តហោះធុនតូចមួយគ្រឿងប្រភេទ Cessna 210 ខាងលើ បានធ្លាក់ និងផ្ទុះឆេះនៅវេលាម៉ោងប្រហែល ០១៖១០នាទីរសៀលថ្ងៃសុក្រសប្ដាហ៍នេះ ពោលគឺភ្លាមៗបន្ទាប់ពីវាបានហោះចេញពីអាកាសយានដ្ឋាន DeKalb-Peachtree ដែលស្ថិតនៅជាយ ក្រុងភាគឦសាននៃទីក្រុង Atlanta។

ក្រុមអ្នកពន្លត់អគ្គិភ័យ បានបញ្ជាក់ថាអគ្គិភ័យនេះត្រូវបានពន្លត់ភ្លាមៗ ហើយក្នុងចំណោមមនុស្សទាំង ០៤នាក់ គ្មាននរណាម្នាក់នៅរស់រានមានជីវិតពី គ្រោះថ្នាក់នេះទេ។ អត្តសញ្ញាណជនរងគ្រោះ ក៏មិនទាន់ត្រូវបានបង្ហាញនៅឡើយដែរ។ ចំណែកឯ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ កំពុងដឹកនាំការស៊ើបអង្កេតលើឧបត្តិហេតុនេះ ដើម្បីកំណត់ពីមូលហេតុ៕