(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានប្រកាសជាលើកដំបូង នូវសៀវភៅសក្រោមចំណងជើងថា «ការអភិរក្សជីវចម្រុះរបស់ចិន» កាលពីថ្ងៃទី៨ខែតុលា ដើម្បីធ្វើបទបង្ហាញជាប្រព័ន្ធ ចំពោះសហគមន៍អន្តរជាតិនូវគំនិត វិធានការ និងប្រសិទ្ធភាពក្នុងការអភិរក្សជីវចម្រុះរបស់ចិន និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់ចិន ក្នុងការប្រកាន់ខ្ជាប់ពហុភាគីនិយម និងចូលរួមកិច្ចសហប្រតិបត្តិការជាសកល ដែលបានរួមចំណែកពុទ្ធិចិន និងផែនការចិនសម្រាប់ការអភិរក្សជីវចម្រុះជាសកល។

ជីវចម្រុះជាមូលដ្ឋានសំខាន់ ដែលមនុស្សជាតិទាំងអស់ពឹងអាស្រ័យ វាពាក់ព័ន្ធដល់សុខសុភមង្គលរបស់មនុស្សជាតិ។

ក្នុងនាមជាប្រទេសមួយដែលមានជីវចម្រុះដ៏សម្បូរបែបបំផុត នៅទូទាំងពិភពលោក ប្រទេសចិនបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិរក្សជីវចម្រុះជាប់រហូតមក។
ក្រោមការជំរុញនៃវិធានការដ៏សំខាន់មួយចំនួន និន្នាការកាន់តែអាប់អួរនៃអេកូបរិស្ថានរបស់ចិន ត្រូវបានទប់ស្កាត់ជាមូលដ្ឋាន ប្រព័ន្ធអេកូឡូហ្ស៊ីធម្មជាតិមានស្ថិរភាព និងល្អប្រសើរជាទូទៅ ហើយការអភិរក្សជីវចម្រុះ ទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ។

តាមការទម្លាយនៃសៀវភៅសឱ្យដឹងថា បច្ចុប្បន្ននេះប្រព័ន្ធអេកូឡូហ្ស៊ីដីគោកចំនួន ៩០ភាគរយ និងសត្វព្រៃ និងរុក្ខជាតិដែលរដ្ឋបានការពារជាសំខាន់ចំនួន ៧១ភាគរយរបស់ចិន ទទួលបានការការពារប្រកបដោយប្រសិទ្ធភាព ចំនួនហ្វូងប្រភេទសត្វដែលជិតនឹងផុតពូជដូចជាខ្លាឃ្មុំផានដាចិន, សត្វបក្សី Crested Ibis និងដំរីអាស៊ីជាដើម សុទ្ធតែបានកើនឡើងឥតឈប់ឈរ។ ទំហំព្រៃឈើ និងទំហំរក្សាទុកព្រៃឈើរបស់ចិន សុទ្ធតែបានរក្សាកំណើនក្នុងរយៈពេល ៣០ឆ្នាំជាប់ៗគ្នា។ ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧ ទំហំផ្ទៃដីដាំដុះរុក្ខជាតិបៃតងថ្មី នៅទូទាំងពិភពលោកប្រហែលមាន ២៥ភាគរយគឺមកពីប្រទេសចិន ពោលគឺអត្រារួមចំណែករបស់ចិន ចំពោះកំណើននៃទំហំផ្ទៃដីដាំដុះរុក្ខជាតិបៃតង ទូទាំងពិភពលោកបានកាន់លំដាប់ថ្នាក់ទីមួយលើពិភពលោក។

ក្នុងនាមជាភាគីហត្ថលេខីមួយ ដែលបានចុះហត្ថលេខានិងអនុម័តលើ «អនុសញ្ញាស្តីពីជីវចម្រុះ» នៃអង្គការសហប្រជាជាតិមុនគេបង្អស់ ចិនបានអនុវត្តតាមអនុសញ្ញានេះ និងពិធីសាររបស់វាយ៉ាងសកម្ម ជំរុញឱ្យអនុសញ្ញាពាក់ព័ន្ធមានប្រសិទ្ធភាពជាមួយគ្នា ដើម្បីដើរតួនាទីដ៏សំខាន់់ក្នុងដំណើរអភិរក្ស និងគ្រប់គ្រងជីវចម្រុះជាសកល។ ក្រៅពីនេះ ចិនក៏បានយកចិត្តទុកដាក់ដល់ ការធ្វើកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរយ៉ាងទូលំទូលាយ ឆ្លៀតឱកាសយន្តការសហប្រតិបត្តិការពហុភាគីដូចជា «ខ្សែក្រវាត់ និងផ្លូវ» និង «កិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍» ជាដើម ផ្តល់ការគាំទ្រដល់ការអភិរក្សជីវចម្រុះ របស់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីខិតខំប្រឺងប្រែងបង្កើត សហគមន៍រួមអាយុជីវិតនៃភពផែនដី។

ក្នុងនាមជាប្រទេសរៀបចំកិច្ចប្រជុំលើកទី ១៥ នៃមហាសន្និបាតភាគីចុះហត្ថលេខីនៃ «អនុសញ្ញាស្តីពីជីវចម្រុះ» នៃអង្គការសហប្រជាជាតិ ភាគីចិននឹងយកការនេះជាកាលានុវត្តភាព ដើម្បីជំរុញឱ្យភាគីនានាធ្វើការបូកសរុបបទពិសោធន៍ និងមេរៀនគ្រោងគោលដៅ និងសន្ទស្សន៍សម្រាប់អភិរក្សជីវចម្រុះជាសកល ប្រកបដោយមហិច្ឆតា និងប្រាកដប្រជាក្នុងរយៈពេល ១០ឆ្នាំខាងមុខនេះ លើកឡើងនូវដំណោះស្រាយដែលអាចធ្វើទៅបាន ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មី សម្រាប់អភិបាលកិច្ចនៃជីវចម្រុះជាសកល៕ (#CCFR Comment#)