(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីងបានសន្យាថានឹងសម្រេចឱ្យយ៉ាងពេញលេញនូវការបង្រួបបង្រួមជាតិជាមួយកោះតៃវ៉ាន់ដោយសនិ្តវិធី ហើយលើកនេះ លោកមិនបានព្រមានត្រង់ៗពីការប្រើប្រាស់កម្លាំងយោធានោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១។

ការសន្យារបស់លោក ស៊ី ជិនពីង កើតមានឡើងក្នុងសុន្ទរកថាមួយនៅឯសាលវិមានប្រជាជនចិននៅឯទីក្រុងប៉េកាំង នាឱកាសប្រារព្ធខួបនៃការធ្វើបដិវត្តន៍ផ្ដួលរំលំ របបរាជានិយមចិនកាលពីឆ្នាំ១៩១១ នៅថ្ងៃសៅរ៍នេះ។ លោក ស៊ី ជិនពីង បានបញ្ជាក់ដូច្នេះថា «ការបង្រួបបង្រួមជាតិដោយសន្តិវិធី គឺជាផលប្រយោជន៍រួមសម្រាប់ ប្រជាជនតៃវ៉ាន់ ប៉ុន្តែចិននឹងការពារដែនអធិបតេយ្យភាពរបស់ខ្លួន និងឯកភាពជាតិ»។ លោកបន្ថែមថាគ្មាននរណាម្នាក់អាចមើលស្រាលពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងសមត្ថភាពដ៏ខ្លាំងក្លា របស់ប្រជាជនចិនក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីបានឡើយ»

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ស៊ី ជិនពីង ហាក់ដូចជាមានភាពទន់ភ្លន់ជាងមុន ដោយកាលពីខែកក្កដាកន្លងទៅលោកផ្ទាល់បានព្រមានចំៗថានឹង ប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិ និងបំផ្លាញរាល់ការប៉ុនប៉ងទាំងឡាយណាដែលចង់ឱ្យតៃវ៉ាន់មានឯករាជ្យភាព ឬមានកម្លាំងខាងក្រៅណាមួយព្យាយាម បំបែកតៃវ៉ាន់ចេញពីចិនដីគោក។ តែទោះជាយ៉ាងណាក៏ដោយ ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ស៊ី ជិនពីង កោះតៃវ៉ាន់បាននិយាយថាទីក្រុងប៉េកាំង គួរតែបញ្ឈប់ការគំរាមកំហែង ហើយមានតែប្រជាជនតៃវ៉ាន់ទេដែលជាអ្នកសម្រេចជោគវាសនារបស់ខ្លួនឯង៕