(ម៉ូស្គូ)៖ បុគ្គលិកស្ថានទូតអាមេរិក ៣នាក់ បានរងការចោទប្រកាន់ពីបទ លួចទ្រព្យសម្បត្តិពីពលរដ្ឋរុស្ស៊ីម្នាក់ ហើយពេលនេះការចាត់វិធានការតាមផ្លូវច្បាប់ កំពុងតែប្រព្រឹត្តទៅហើយ។ នេះបើតាមការការចេញផ្សាយដោយសារព័ត៌មាន TASS ដោយដកស្រង់ប្រភពចេញពីក្រសួងការបរទេសរុស្ស៊ី នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១។

ក្រសួងការបរទេសរុស្ស៊ីបានសរសេរកំណត់ទូតមួយ ផ្ញើទៅកាន់បេសកកម្មការទូតអាមេរិក ប្រចាំនៅទីក្រុងម៉ូស្គូ ដោយស្នើសុំឱ្យដកអភ័យឯកសិទ្ធិការទូត ពីជនសង្ស័យទាំងបីនាក់ខាងលើ ដើម្បីឱ្យពួកគេអាចត្រូវបាន យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។ ក្រសួងបានសង្កត់ធ្ងន់ទៀតថា ប្រសិនបើស្ថានទូតអាមេរិក បដិសេធចំពោះសំណើនេះ ជនសង្ស័យទាំងអស់ដែលរុស្ស៊ីកំពុងទាមទារចាប់ខ្លួននោះ ត្រូវតែចាកចេញពីទឹកដីរុស្ស៊ីជាបន្ទាន់។

គួរបញ្ជាក់ថា ពុំទាន់មានប្រភពណាមួយអាចបង្ហើប អំពីអត្តសញ្ញាណនៃជនសង្ស័យ និងជនរងគ្រោះដែលបានបាត់បង់ទ្រព្យសម្បត្តិ ដូចក្រសួងការបរទេសរុស្ស៊ីបានលើកឡើងនោះទេ។ ដោយឡែក សម្រាប់ស្ថានទូតសហរដ្ឋអាមេរិកវិញ ក៏មិនទាន់ធ្វើការបកស្រាយអ្វីជុំវិញករណីនេះដែរ៕