(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី (MOH) នៅថ្ងៃសៅរ៍នេះបានប្រកាសថា បុគ្គលដែលមិនបានទទួលការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលផ្សារទំនើប ឬទទួលទានអាហារនៅតាមភោជនីយដ្ឋាន និងហាងកាហ្វេឡើយចាប់ពីថ្ងៃពុធ ទី១៣ ខែតុលាខាងមុខនេះតទៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១។

បើតាម MOH មានតែបុគ្គលដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងកន្លែងទាំងនោះបាន ប៉ុន្តែសម្រាប់តែក្រុមដែលមានមនុស្សចំនួន ០២នាក់ប៉ុណ្ណោះ។ ក្មេងអាយុក្រោម ១២ឆ្នាំអាចត្រូវបានរាប់បញ្ចូលទៅក្នុងក្រុមមនុស្សចំនួន ០២នាក់នោះបាន លុះត្រាតែពួកគេមានលទ្ធផលតេស្តអវិជ្ចមាន ចំពោះជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ រីឯបុគ្គលដែលមិនបានទទួលការចាក់វ៉ាក់សាំង នៅតែអាចខ្ចប់អាហារយកទៅផ្ទះបាន។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសសិង្ហបុរីបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១២០,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ១៤០នាក់ និងអ្នកជាសះស្បើយជាង ៩៥,០០០នាក់។ គិតត្រឹមពេលនេះ សិង្ហបុរីបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៩.៥៦លានដូស ក្នុងនោះប្រជាជន ៤.៥៩លាននាក់ (៨០.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕