(តៃប៉ិ)៖ នៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បានបង្ហាញគោលជំហរច្បាស់ៗថា តៃវ៉ាន់នឹងបន្តប្រឹងប្រែងពង្រឹងសមត្ថភាពការពារជាតិ ដើម្បីកុំឲ្យដែនកោះនេះ អាចត្រូវបង្ខិតបង្ខំឲ្យទទួលយកអនាគត ដែលចិនបានរៀបចំទុកឲ្យ ខណៈលោកស្រីបានសង្កត់ធ្ងន់ថា អនាគតនោះគឺពុំមានសិទ្ធិសេរីភាព ឬប្រជាធិបតេយ្យឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១។

លោកស្រី ត្សៃ បាននិយាយយ៉ាងដូច្នេះថា «ប្រជាជនតៃវ៉ាន់នឹងចុះញ៉មចំពោះការដាក់សម្ពាធដាច់ខាត។ យើងនឹងបន្តពង្រឹងសមត្ថភាពការពារជាតិ ហើយបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំក្នុងការការពារខ្លួន ដើម្បីធានាថាមិនមាននរណា អាចមកបង្ខិតបង្ខំតៃវ៉ាន់ឲ្យដើរលើ ផ្លូវដែលចិនបានរៀបចំទុកឲ្យយើង។ នេះគឺដោយសារតែគន្លងផ្លូវនោះ នឹងពុំផ្តល់របៀបរស់ដោយសេរី តាមបែបប្រជាធិបតេយ្យ ឬមួយក៏អធិបតេយ្យភាពពេញលេញ សម្រាប់ប្រជាជនតៃវ៉ាន់ទាំង ២៣លាននាក់ឡើយ»។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ទើបតែបានសន្យាថា នឹងសម្រេចឲ្យយ៉ាងពេញលេញ នូវការបង្រួបបង្រូមជាតិមួយកោះតៃវ៉ាន់ដោយសន្តិវិធី ហើយលើកនេះលោកមិនបានព្រមានត្រង់ៗពី ការប្រើប្រាស់កម្លាំងយោធាដើម្បីធ្វើបែបនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ស៉ី នាពេលភ្លាមៗនោះ កោះតៃវ៉ាន់បាននិយាយថាទីក្រុងប៉េកាំង គួរតែបញ្ឈប់ការគំរាមកំហែង ហើយមានតែប្រជាជនតៃវ៉ាន់ទេ ដែលជាអ្នកសម្រេចជោគវាសនារបស់ខ្លួនឯង៕