(តែលអាវីវ)៖ អធិការបតីអាល្លឺម៉ង់ចាំផ្ទះលោកស្រី អាន់ជេឡា មឺគែល (Angela Merkel) នៅថ្ងៃអាទិត្យនេះ បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការ ជាលើកចុងក្រោយ នៅឯប្រទេសអ៉ីស្រាអែល បន្ទាប់ពីកាន់អំណាចអស់រយៈពេល១៦ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១។

វាជាការបំពេញទស្សនកិច្ចនៅអ៉ីស្រាអែល ជាលើកទី០៨ហើយ បើគិតចាប់តាំងពីលោកស្រី មឺគែល បានឡើងកាន់អំណាចដំបូង កាលពីឆ្នាំ២០០៥។ ក្នុងដំណើរទស្សនកិច្ចលើកចុងក្រោយនេះ ក្នុងនាមជាអធិការបតីអាល្លឺម៉ង់ លោកស្រី មឺគែល ត្រូវជួបពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក ណាហ្វតាលី បេនណិត (Naftali Bennett) និងចូលរួមពិធីដាក់កម្រងផ្កា នៅទីលានរំឭកវិញ្ញាណក្ខន្ធ នៃសោកនាដកម្មប្រល័យពូជជនជាតិជ្វីព ដែលប្រព្រឹត្តដោយពួកណាហ្ស៉ីស (Nazis) អាល្លឺម៉ង់ កាលពីអំលុងសង្រ្គាមលោក។

រដ្ឋាភិបាលអាល្លឺម៉ង់តែងតែបានចាត់ទុក ការរក្សាទំនាក់ទំនងរឹងមាំជាមួយអ៉ីស្រាអែល គឺជាអាទិភាពចម្បងបំផុតមួយ ចាប់តាំងពីការបញ្ចប់សង្រ្គាមលោកលើកទីពីរ។ អំលុងការកាន់អំណាចជាច្រើនឆ្នាំ លោកស្រី មឺគែល បានព្យាយាមជំរុញថែមទៀត នូវចំណងទាក់ទងទ្វេភាគីផ្នែកសន្តិសុខនិងសេដ្ឋកិច្ច។ អាល្លឺម៉ង់ គឺស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុត របស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតសកលនៅអាល្លឺម៉ង់ កាលពីឆ្នាំថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ គណបក្សសង្គមប្រជាធិបតេយ្យ (Social Democratic Party) ដែលទទួលបានជ័យជម្នះ កំពុងចរចាជាមួយគណបក្សតូចៗ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មី ដើម្បីជំនួសរដ្ឋាភិបាល បច្ចុប្បន្នរបស់លោកស្រី មឺគែល។ លោកស្រី មឺគែល នឹងចុះចេញពីតំណែង ក្រោយរដ្ឋាភិបាលថ្មីបង្កើតឡើង ហើយអ្នកស្នងតំណែងត្រូវបានជ្រើសរើស៕