(តែលអាវីវ)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អេនជេឡា មឺកែល បាននិយាយក្នុងកំឡុងដំណើរទស្សនាកិច្ចរបស់លោកស្រី ទៅកាន់ប្រទេសអ៊ីស្រាអែលថា សន្តិសុខរបស់អ៊ីស្រាអែលនឹងក្លាយជាចំណុចស្នូលរបស់រដ្ឋាភិបាលអាល្លឺម៉ង់គ្រប់ជំនាន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១។

ក្នុងដំណើរទស្សនកិច្ចលើកចុងក្រោយ ក្នុងនាមជាអធិការបតីអាល្លឺម៉ង់ទៅប្រទេសអ៊ីស្រាអែលនេះ លោកស្រី មឺគែល ត្រូវជួបពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក ណាហ្វតាលី បេនណិត (Naftali Bennett) និងចូលរួមពិធីដាក់កម្រងផ្កា នៅទីលានរំឭកវិញ្ញាណក្ខន្ធ នៃសោកនាដកម្មប្រល័យពូជជនជាតិជ្វីព ដែលប្រព្រឹត្តដោយពួកណាហ្ស៉ីស (Nazis) អាល្លឺម៉ង់ កាលពីអំលុងសង្រ្គាមលោក។

លោកស្រីបាននិយាយនៅក្នុងសុន្ទរកថារួមគ្នាថា «ខ្ញុំចង់ប្រើឱកាសនេះដើម្បីបញ្ជាក់ថា ប្រធានបទសន្តិសុខរបស់អ៊ីស្រាអែលតែងតែមានសារៈសំខាន់ និងជាប្រធានបទស្នូលរបស់រដ្ឋាភិបាលអាល្លឺម៉ង់នីមួយៗ»

គួរបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់តែងតែបានចាត់ទុក ការរក្សាទំនាក់ទំនងរឹងមាំជាមួយអ៉ីស្រាអែល គឺជាអាទិភាពចម្បងបំផុតមួយ ចាប់តាំងពីការបញ្ចប់សង្រ្គាមលោកលើកទីពីរ។ អំលុងការកាន់អំណាចជាច្រើនឆ្នាំ លោកស្រី មឺគែល បានព្យាយាមជំរុញថែមទៀត នូវចំណងទាក់ទងទ្វេភាគីផ្នែកសន្តិសុខនិងសេដ្ឋកិច្ច។ អាល្លឺម៉ង់ គឺស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុត របស់អ៉ីស្រាអែល៕