(សេអ៊ូល)៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមន្ត្រីទាំងឡាយ គិតគូរជាសំខាន់ទៅលើការធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន មានភាពប្រសើរឡើង ចំពោះមុខវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលប្រទេសនេះកំពុងបន្តជួយប្រទះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដែលត្រូវបានដកស្រង់ដោយ Reuters នាព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។

ការថ្លែងរបស់លោក គីម ជុងអ៊ុន ដូចខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្នុងឱកាសដែលលោកបានចូលរួម ក្នុងពិធីរំលឹកខួបទី ៧៦ឆ្នាំ នៃការបង្កើតគណបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាចតែមួយគត់ នៅក្នុងប្រទេសកូរ៉េខាងជើង។ ពិធីរំលឹកខួបឆ្នាំនេះ គឺមានតែការសម្តែងសិល្បៈ, បាញ់កាំជ្រួច, និងការដើរដង្ហែក្បួនបែបកម្សាន្តប៉ុណ្ណោះ ដោយពុំមានការធ្វើព្យុហយាត្រាយោធានោះឡើយ។

នៅក្នុងឱកាសនោះ លោក គីម ជុងអ៊ុន បានថ្លែងយ៉ាងដូច្នេះថា «មធ្យោបាយតែមួយគត់សម្រាប់ការជំរុញការងារដ៏សំខាន់ ដែលមិនធ្លាប់មានពីមុនមក ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ នោះគឺគណបក្សទាំងមូលត្រូវតែរួបរួមគ្នា...។ មន្រ្តីទាំងឡាយមិនគួរប្រាថ្នាចង់បានឯកសិទ្ធិ និងការអនុគ្រោះឡើយ តែគួរគិតគូរជានិច្ចថា តើការងាររបស់ពួកគេរំលោភបំពាន ផលប្រយោជន៍របស់ប្រជាជន ឬបង្កបញ្ហាដល់ប្រជាជន»

គួរបញ្ជាក់ថា សេដ្ឋកិច្ចប្រទេសកូរ៉េខាងជើង បានហែលឆ្លងវិបត្តិយ៉ាងធំធេង នោះគឺទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិ ទៅលើកម្មវិធីនុយក្លេអ៊ែរ។ បន្ថែមពីនេះ ភ្លៀងធ្លាក់យ៉ាងសន្ធប់ និងគ្រោះទឹកជំនន់នាប៉ុន្មានឆ្នាំជាប់ៗគ្នាមកនេះ ក៏បានធ្វើឲ្យវិបត្តិសេដ្ឋកិច្ច កាន់តែដុនដាបខ្លាំងបន្ថែមទៀតផងដែរ។ ដោយឡែក ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានចោទប្រកាន់រដ្ឋាភិបាលលោក គីម ជុងអ៊ុន ថាជាអ្នកទទួលខុសត្រូវចម្បង ចំពោះស្ថានភាពមនុស្សធម៌នៅកូរ៉េខាងជើង៕