(កង់បេរ៉ា)៖ ក្រុមអង្គការជាច្រើននៅក្នុងប្រទេសអូស្ត្រាលី បានជំរុញឱ្យរដ្ឋាភិបាលទីក្រុងកង់បេរ៉ា បរិច្ចាគវ៉ាក់សាំង COVID-19 រាប់លានដូសបន្ថែមទៀត ដើម្បីជួយដល់បណ្ដាប្រទេសដទៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ខ្លួនចេញផ្សាយនៅថ្ងៃចន្ទនេះ ក្រុមអង្គការខាងលើដដែលបានអំពាវនាវឱ្យរដ្ឋាភិបាលអូស្ត្រាលី បរិច្ចាគវ៉ាក់សំាំង COVID-19 យ៉ាងហោចណាស់ចំនួន ២០លានដូស តាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក ដែលមានគោលដៅធានាឱ្យបានថា បណ្ដាប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ ចាក់ជូនប្រជាជនរបស់ពួកគេ។

គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍ខាងលើ ក្រុមប្រទេសក្រីក្រ ឬប្រទេសមានប្រាក់ចំណូលកម្រិតទាបចំនួន ១៩ នឹងមិនអាចសម្រេចបាន នូវអាត្រាចាក់វ៉ាក់សាំងពេញលេញជូនប្រជាជនរបស់ខ្លួន ៧០ភាគរយ ដូចការចង់បានរបស់ WHO នៅត្រឹមពាក់កណ្តាលឆ្នាំ២០២២ នោះឡើយ។ ប្រសិនបើមិនមានការជួយគាំទ្រ ជាបន្ទាន់ទេនោះ ប្រទេសទាំងអស់នេះនឹងត្រូវការពេល រហូតដល់លើសឆ្នាំ ២០៣០ ឯណោះ ទើបពួកគេអាចសម្រេចគោលដៅនេះបាន៕