(កាប៊ុល)៖ នៅថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចេញសារព្រមានមួយ ដោយណែនាំពលរដ្ឋខ្លួនទាំងអស់ ដែលកំពុងស្ថិតនៅក្នុងទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ចៀសវាងការស្នាក់នៅតាមសណ្ឋាគារ បន្ទាប់ពីករណីបំផ្ទុះគ្រាប់បែកលើព្រះវិហារ កាលពីពេលថ្មីៗនេះ បានបណ្តាលឲ្យមនុស្សស្លាប់រាប់សិបនាក់ និងត្រូវបានក្រុមភេរវករ ISIS អះអាងថា ជាទង្វើរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើការព្រមាន តាមរយៈសេចក្តីថ្លែងការណ៍មួយថា «ពលរដ្ឋអាមេរិកាំងដែលកំពុងស្នាក់នៅ ឬស្ថិតនៅក្បែរសណ្ឋាគារ ស៊ែរ៉េណា (Serena ទីក្រុងកាប៊ុល) គួរតែចាកចេញពីនោះជាបន្ទាន់... ព្រោះវាជាទីតាំងដែលអាចរង ការគំរាមកំហែងខ្លាំងផ្នែកសន្តិសុខ»

ដោយឡែកក្រសួងការបរទេសអង់គ្លេសវិញ ក៏បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរ ដោយអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនទាំងអស់ ចៀសវាងការស្នាក់នៅតាមសណ្ឋាគារនានា នៅក្នុងទីក្រុងកាប៊ុល (ជាពិសេសសណ្ឋាគារ Serena) ដោយសារតែការកើនឡើង នូវហានិភ័យនៃការគំរាមកំហែងផ្នែកសន្តិសុខ។

សណ្ឋាគារ Serena ត្រូវបានគេដឹងថា ជាកន្លែងផ្តល់សេវាស្នាក់នៅដ៏ប្រណិតបំផុតមួយ ស្ថិតនៅក្នុងទីក្រុងកាប៊ុល ហើយជារឿយៗតែងតែទទួលស្វាគមន៍ក្រុមអ្នកជំនួញ និងភ្ញៀវបរទេស ព្រមទាំងក្រុមផ្តល់ជំនួយមនុស្សធម៌អន្តរជាតិផងដែរ។ កាលពីក្រុមតាលីបង់មិនទាន់ឡើងកាន់អំណាច ពួកគេក៏ធ្លាប់ប៉ុនប៉ង វាយប្រហារសណ្ឋាគារនេះប៉ុន្មានលើកផងដែរ។

គួរបញ្ជាក់ថា គិតចាប់តាំងពីក្រុមតាលីបង់ បានគ្រប់គ្រងអំណាចនៅអាហ្វហ្គានីស្ថាន កាលពីអំលុងពាក់កណ្តាលខែសីហា ឆ្នាំ២០២១ ជនបរទេសជាច្រើនបានចាកចេញ ពីប្រទេសអាស៊ីខាងត្បូងមួយនេះ ប៉ុន្តែអ្នកកាសែត និងបុគ្គលិកបម្រើការងារមនុស្សធម៌មួយចំនួនរបស់អន្តរជាតិ នៅតែបន្តស្ថិតនៅក្នុងរដ្ឋធានីកាប៊ុលដដែល៕