(រ៉ូម)៖ នាយករដ្ឋមន្ត្រីអ៉ីតាលី លោក ម៉ារីយ៉ូ ដ្រាហ្គី (Mario Draghi) នឹងរៀបចំកិច្ចប្រជុំកំពូលពិសេសមួយនៃបណ្ដាប្រទេស G20 នៅថ្ងៃអង្គារសប្ដាហ៍នេះដើម្បីពិភាក្សាពី អាហ្វហ្កានីស្ថាន ចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងពីផ្ទុះឡើងនូវវិបត្តិមនុស្សធម៌ បន្ទាប់ពីការឡើងកាន់អំណាចសាជាថ្មីរបស់តាលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១។

កិច្ចប្រជុំកំពូលខាងលើនឹងត្រូវធ្វើឡើងតាមវីដេអូខុនហ្វេរិន នៅម៉ោង ១៖០០នាទីរសៀល ថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) ដោយផ្តោតជាសំខាន់ការផ្ដល់ជំនួយមនុស្សធម៌ចាំបាច់នានា, បញ្ហាសន្តិសុខ និងមធ្យោបាយធានាឱ្យជនបរទេស និងជនជាតិអាហ្វហ្កានីស្ថានដែលកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថានអាចចាកចេញពី ប្រទេសនេះដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មីកាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅមក អាហ្វហ្កានីស្ថានកាន់តែប្រឈមមុខនឹងស្ថានភាពដ៏លំបាកបន្ថែមទៀត ដោយមានការព្រមានជាច្រើនថាភាពក្រីក្រ និងវិបត្តិសេដ្ឋកិច្ចដែលសឹងតែដួលរលំអាចនឹងបង្កទៅជាវិបត្តិមនុស្សធម៌ដ៏ធំមួយដែលនឹងបង្ខំឱ្យប្រជាជនអាហ្វហ្កានីស្ថានក្លាយជា ជនភៀសខ្លួន៕