(ប៉េកាំង)៖ កិច្ចប្រជុំដំណាក់កាលទីមួយនៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាស្តីពីជីវចម្រុះ» របស់អង្គការសហប្រជាជាតិ (ហៅកាត់COP15) បានប្រារព្ធធ្វើនៅក្រុងគុនមីង ខេត្តយូណាន ប្រទេសចិនពីថ្ងៃទី ១១ ដល់ ១៥ ខែតុលាឆ្នាំ ២០២១ នេះ ក្រោមប្រធានបទ «អរិយធម៌អេកូឡូស៊ី-រួមគ្នាកសាង សហគមន៍រួមជីវិតនៃភពផែនដី» ដែលនឹងផ្តោតសំខាន់លើការកំណត់ ក្របខ័ណ្ឌជីវចម្រុះជាសកលបន្ទាប់ពីឆ្នាំ ២០២០ កំណត់ទិសដៅជីវចម្រុះជាសកលឆ្នាំ ២០២១-២០៣០ និងទស្សនាទានជីវចម្រុះជាសកលឆ្នាំ ២០៥០ ជាដើម។

ហេតុអ្វីបានជាជ្រើសរើសប្រទេសចិនឱ្យធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំមហាសន្និបាតលើកនេះ? ឥឡូវយើងមកស្វែងយល់ពីតួលេខមួយចំនួន ៖

ប្រទេសចិនជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១២ ដែលមានជីវចម្រុះច្រើនបំផុតលើពិភពលោក ពោលគឺស្ថិតនៅលេខរៀងទី ៨ លើពិភពលោក។ ប្រទេសចិនមានរុក្ខជាតិជាន់ខ្ពស់ចំនួន ៣,៤២៩ ប្រភេទ ឈរនៅលំដាប់ទី ៣ លើពិភពលោក។ ប្រទេសចិនមានធនធានសត្វដ៏សម្បូរបែប មានសត្វឆ្អឹងកងចំនួន ៦,៥៨៨ ប្រភេទ ត្រូវជា ១៤ភាគរយនៃចំនួនសរុបនៅលើពិភពលោក។ ប្រទេសចិនមានសត្វបក្សីចំនួន ១,៤៤៥ ប្រភេទ ត្រូវជា ១ភាគ៦ នៃចំនួនសរុបនៅលើពិភពលោក។ ប្រភេទមច្ឆជាតិនៃប្រទេសចិនត្រូវជាប្រមាណ ១៧ ភាគរយនៃចំនួនសរុបនៅលើពិភពលោក។

ក្រៅពីតួលេខត្រួសៗស្ពីពីជីវចម្រុះ បើតាមសៀវភៅសស្តីពី «ការអភិរក្សជីវចម្រុះនៃប្រទេសចិន» ដែលទើបចេញផ្សាយនាពេលថ្មីៗកន្លងទៅនេះបានលើកឡើងថា ប្រទេសចិនបានលើកកម្ពស់ការអភិរក្សជីវចម្រុះ ឱ្យទៅជាយុទ្ធសាស្ត្រជាតិ ដោយដាក់បញ្ចូលការអភិរក្សជីវចម្រុះ ទៅក្នុងផែនការរយៈពេលមធ្យម និងវែងនៃតំបន់ និងវិស័យនានា ធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធគោលនយោបាយ និងបទប្បញ្ញត្តិ ពង្រឹងកិច្ចកសាងធនធានមនុស្សនិងបច្ចេកទេស ពង្រឹងការត្រួតពិនិត្យលើការអនុវត្តច្បាប់ ជំរុញនិងលើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យចូលរួមរអភិរក្សជីវចម្រុះដោយស្ម័គ្រចិត្ត ដើម្បីលើកកម្ពស់សមត្ថភាពអភិបាលកិច្ចជីវចម្រុះជាបន្តបន្ទាប់។

តាមរយៈការបង្ហាញខាងលើ យើងឃើញថាប្រទេសចិនបានឱ្យតម្លៃ និងលើកតម្កើងយ៉ាងខ្លាំងចំពោះការអភិរក្សជីវចម្រុះ ដោយសារតែបានយល់ដឹងយ៉ាងស៊ីជម្រៅពីសារៈសំខាន់បំផុត នៃតុល្យភាពអេកូឡូស៊ីនិងទំនាក់ទំនងមិនអាចបេះចេញពីគ្នាបាន រវាងមនុស្សជាតិ និងធម្មជាតិ ពោលគឺមនុស្សជាតិការពារធម្មជាតិ អភិរក្សជីវចម្រុះ គឺជាការការពារអាយុជីវិត និងទីស្នាក់អាស្រ័យរបស់មនុស្សជាតិខ្លួនឯង។

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍ដ៏មានតម្លៃជាច្រើន សម្រាប់កិច្ចការអភិវឌ្ឍន៍ជនបទតាមរយៈការការពារធនធានធម្មជាតិនិងអភិរក្សជីវចម្រុះ ជាពិសេសតំបន់ជនបទដែលមានទេសភាពស្រស់ប្រិមប្រិយ ក្នុងនោះមានពាក្យមួយឃ្លាដែលលើកឡើងថា៖ «ទឹកថ្លាភ្នំបៃតង គឺជាភ្នំមាសភ្នំប្រាក់» ដែលជាការសន្និដ្ឋានបែបវិទ្យាសាស្ត្រមួយដែលជាការបំផុសគំនិតឱ្យអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងតំបន់ត្រូវខិតខំអភិរក្សធម្មជាតិ ដើម្បីអាចទាញយកផលពីធម្មជាតិដោយសមរម្យដូចជាការអភិវឌ្ឍវិស័យអេកូ-ទេសចរណ៍ជាដើម ដែលបាននាំឱ្យពលរដ្ឋក្រីក្រយ៉ាងច្រើនបានចេញផុតពីភាពក្រីក្រ។

កាលពីអតីតកាល ប្រជាពលរដ្ឋក្រីក្រនៅជនបទចិនមិនបានគិតពិចារណា អំពីរឿងអភិរក្សធម្មជាតិអ្វីនោះទេ ព្រោះរឿងចម្អែតក្រពះវាជារឿងសំខាន់បំផុត ដូច្នេះក៏កើតមានការបំផ្លិចបំផ្លាញធនធានធម្មជាតិដើម្បីជាថ្នូរនឹងការចិញ្ចឹមជីវិត។ ប៉ុន្តែការទាញផលពីធម្មជាតិដើម្បីផ្គត់ផ្គង់ជីវភាពមិនមែនចាំបាច់ត្រូវតែធ្វើតាមទម្លាប់ចាស់ដែលកាប់គាស់បំផ្លាញធនធានធម្មជាតិនោះទេ ដូច្នេះរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើនដែលស៊ីចង្វាក់គ្នានិងឃ្លា «ទឹកថ្លាភ្នំបៃតង គឺជាភ្នំមាសភ្នំប្រាក់» ដើម្បីជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋនៅជនបទទាញយកផលពីធម្មជាតិតាមបែបវិទ្យាសាស្ត្រដែលមានចំណូលកាន់តែច្រើននិងមិនបំផ្លាញដល់ធនធានធម្មជាតិ។

បច្ចុប្បន្ន ប្រជាពលរដ្ឋចិនភាគច្រើននៅជនបទ បានប្តូរទស្សនៈពីការជីករ៉ែ និងថ្មយកទៅលក់ទៅជាការ «លក់ទេសភាព» ពោលគឺខិតខំអភិវឌ្ឍវិស័យអេកូ-ទេសចរណ៍ ហើយក្នុងនោះជីវចម្រុះបានដើរតួនាទីយ៉ាងសំខាន់ដែលក្លាយជានាមបណ្ណនៃអេកូ-ទេសចរណ៍ដែលមានលក្ខណៈពិសេសប្រចាំតំបន់។ អ្វីទាំងនេះគឺស្របតាមការគូសបញ្ជាក់ជាច្រើនដងរបស់ថ្នាក់ដឹកនាំចិនថា៖ «ប្រទេសចិនក្នុងយុគសម័យនេះ នឹងមិនយកការបំផ្លិចបំផ្លាញធម្មជាតិមកធ្វើជាថ្នូរនឹងការអភិវឌ្ឍជាដាច់ខាត»

ងាកមកមើលពីប្រទេសកម្ពុជាវិញ តាមរយៈកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រដ្ឋាភិបាល បច្ចុប្បន្នប្រជាពលរដ្ឋជាច្រើនលោកបានយល់ដឹងច្បាស់អំពីសារៈប្រយោជន៍នៃការអភិរក្សធម្មជាតិ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការអភិរក្សធនធានធម្មជាតិ អភិវឌ្ឍវិស័យអេកូ-ទេសចរណ៍ និងការពារជីវចម្រុះ។ ក្នុងន័យនេះ យើងឃើញថាអត្រាគ្របដណ្តប់នៃព្រៃឈើត្រូវបានពង្រីកជាបន្តបន្ទាប់ ធនធានមច្ឆជាតិបានកើងឡើងវិញ ឯពូជសត្វព្រៃនិងសត្វកម្រក៏មានការកើនឡើងបន្តិចម្តងៗផងដែរ។

ពេលអញ្ជើញចូលរួមសកម្មភាពពាក់ព័ន្ធ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏តែងបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងមន្រ្តីមានសមត្ថកិច្ច សូមចូលរួមអភិរក្សជីវចម្រុះផ្សេងៗឱ្យបានគង់វង្ស ដើម្បីធានានិរន្តរភាពនៃធនធានធម្មជាតិ។

គ្មានអ្វីគួរឱ្យសង្ស័យឡើយ ទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិ គឺដូចគ្នានឹងទំនាក់ទំនងរវាងមនុស្សនិងមនុស្សដែរ ពោលគឺប្រសិនជាយើងស្រឡាញ់និងឱ្យតម្លៃលើធម្មជាតិ នោះធម្មជាតិនឹងហុចផលប្រយោជន៍ច្រើនសន្ធឹកដល់យើងវិញ តែផ្ទុយទៅវិញ ប្រសិនជាយើងបំផ្លិចបំផ្លាញធម្មជាតិ នោះធម្មជាតិក៏នឹងសងមកវិញនូវគ្រោះមហន្តរាយគ្រប់បែបយ៉ាងផងដែរ។ អាស្រ័យហេតុនេះ មានតែការរួមគ្នាថែរក្សាធម្មជាតិតែប៉ុណ្ណោះ ទើបភពផែនដីរបស់យើងកាន់តែល្អបវរនិងឋិតថេរគង់វង្សជានិរន្តរ៍៕

(ដោយ ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន)