(កាលីហ្វ័រញ៉ា)៖ មនុស្សយ៉ាងហោចណាស់ ០២នាក់បានស្លាប់ បន្ទាប់ពីយន្តហោះម៉ាស៊ីនពីរមួយគ្រឿង បានធ្លាក់និងបង្កការខូចខាតមួយចំនួន នៅតំបន់ជាយក្រុងសាន់ឌីហ្គោ (San Diego) ក្រោយមានការព្រមានម្តងហើយម្តងទៀតថា វាហោះហើរក្នុងកម្ពស់ទាបយ៉ាងគ្រោះថ្នាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២១។

យន្តហោះខ្នាតតូចធុន Cessna 340 បានធ្លាក់ទៅបុកនឹងរថយន្តដឹកជញ្ជូនមួយគ្រឿង ដែលបណ្តាលឱ្យអ្នកបើកបររថយន្តស្លាប់ ហើយបន្ទាប់មកបានបន្ត ទៅបុកនឹងផ្ទះប្រជាពលរដ្ឋទាំងកណ្តាលថ្ងៃត្រង់ នាថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) នៅតំបន់សាន់ទី (Santee) ដែលស្ថិតនៅជាយក្រុង San Diego ដែលមានមនុស្សរស់នៅប្រមាណ ៥ម៉ឺននាក់។ អ្នកបើកបរយន្ដហោះ ក៏ត្រូវបានគេជឿថាបានស្លាប់ផងដែរ ហើយយ៉ាងហោចណាស់មនុស្ស ០២នាក់ នៅលើដីបានរងរបួស រួមទាំងស្ត្រីម្នាក់ដែលត្រូវបានអ្នកជិតខាងជួយតាមបង្អួចផ្ទះ ដែលកំពុងឆាបឆេះផងដែរ។

យន្ដហោះនេះ ស្ថិតក្នុងការធ្វើដំណើរឆ្ពោះទៅចុះចត នៅឯអាកាសយានដ្ឋាន ម៉ុងតូហ្គោមឺរី ហ្គីប (Montogomery-Gibbs) ដែលស្ថិតនៅទីក្រុងសាន់ឌីហ្គោ (San Diego) នៅពេលវាធ្លាក់។ មុនពេលធ្លាក់ និងស្ថិតនៅចម្ងាយប្រមាណជា ៨០០ម៉ែត្រពីផ្លូវចុះចត អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស បានប្រាប់អ្នកបើកយន្តហោះថា យន្ដហោះបានហោះហើរក្នុងទាបខ្លាំងណាស់ និងបានបញ្ជាម្តងហើយម្តងទៀត ឱ្យយន្ដហោះនេះហោះហើរឡើងដល់កម្ពស់ជាង ១,៥០០ម៉ែត្រ ហើយនៅពេលដែលវានៅជាប់ទ្រឹងត្រឹមកម្ពស់ជាង ៤៥០ម៉ែត្រ ក៏មានការព្រមានថា «វាហាក់ដូចជាបន្ទាប់ខ្លួនចុះមកម្តងទៀតហើយលោក»

គួរបញ្ជាក់ថា យន្ដហោះនេះ ជាកម្មសិទ្ធិរបស់លោកវេជ្ជបណ្ឌិតម្នាក់ ឈ្មោះ ស៊ូហ្កាតា ដាស់ (Sugata Das) ដែលប្រហែលជាអ្នកដែលបានបើកបរយន្ដហោះ ហើយបានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះតែម្ដង៕