(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះបាននិយាយថា ខ្លួនបានបង្កើតក្រុមប្រឹក្សាមួយ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រថ្មីមួយស្តីពីរបៀប «រស់នៅជាមួយជំងឺ COVID-19» ក្នុងរយៈពេលវែង ខណៈដែលប្រទេសនេះ កំពុងព្យាយាមបន្ធូរបន្ធយវិធានការរឹតត្បិតបន្តិចម្ដងៗ និងបើកសេដ្ឋកិច្ចឡើងវិញ នៅពេលដែលអត្រាចាក់វ៉ាក់សាំងកើនឡើងខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលកូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បាននិយាយថា ក្រោមយុទ្ធសាស្ត្រថ្មីនេះ រដ្ឋាភិបាលមានបំណងបន្ធូរបន្ថយវិធានការរឹតត្បឹត សម្រាប់ប្រជាពលរដ្ឋដែលអាចបញ្ជាក់ថា ពួកគេបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) រួចរាល់ ព្រមទាំងបានលើកទឹកចិត្តដល់អ្នកជំងឺ COVID-19 ដែលមិនមានរោគសញ្ញា និងមានរោគសញ្ញាស្រាល ដែលមានអាយុក្រោម៧០ឆ្នាំ ឱ្យសម្រាកព្យាបាលនៅតាមផ្ទះទៀតផង។

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក គីម ប៊ូគ្យុម (Kim Boo-kyum) បានគូសបញ្ជាក់ប្រាប់កិច្ចប្រជុំគណៈកម្មាធិការលើកដំបូង របស់ក្រុមប្រឹក្សាខាងលើនៅថ្ងៃពុធនេះថា «យើងនឹងប្រែក្លាយជំងឺ COVID-19 ទៅជាជំងឺឆ្លងដែលអាចគ្រប់គ្រងបាន ហើយនឹងប្រគល់ការរស់នៅបែបធម្មតាដល់ប្រជាជនវិញ ប៉ុន្តែការអនុវត្តវិធានការពាក់ម៉ាស់ នឹងមិនត្រូវបានលុបចោលភ្លាមៗនោះទេ ក្រោមយុទ្ធសាស្រ្តថ្មីនេះ»

គួរបញ្ជាក់ថា យុទ្ធសាស្ត្រថ្មីនេះ កើតមានឡើងដោយសារអត្រាចាក់វ៉ាក់សាំង COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងខ្ពស់។ រហូតមកទល់ពេលនេះ ប្រមាណ ៧៨.១ភាគរយនៃប្រជាជនសរុបរបស់កូរ៉េខាងត្បូង បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូសរួចរាល់ហើយ ខណៈប្រមាណ ៦០.៧ភាគរយ បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕