(ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូសូណារ៉ូ (Jair Bolsonaro) បានអះអាងជាថ្មីម្តងទៀតថា រូបលោកនឹងមិនទទួលការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 នោះឡើយ ខណៈកាលពីមុននេះ លោកធ្លាប់បានលើកឡើងម្តងរួចមកហើយថា លោកនឹងធ្វើជាជនជាតិប្រេស៊ីលចុងក្រោយបង្អស់ ដែលមិនបានទទួលការចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១។

លោក Jair Bolsonaro ត្រូវបានគេមើលឃើញថា ជាមេដឹកនាំមួយរូប ដែលធ្លាប់ចាត់ទុក COVID-19 ត្រឹមជាជំងឺផ្តាយសាយធម្មតាៗ ហើយកាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ លោកក៏ធ្លាប់ឆ្លងជំងឺនេះម្តងរួចមកហើយដែរ។ ប្រធានាធិបតីប្រេស៊ីលវ័យ ៦៦ឆ្នាំរូបនេះ បានថ្លែងកាលពីថ្ងៃពុធថា «ខ្ញុំបានសម្រេចចិត្តមិនចាក់វ៉ាក់សាំង។ ខ្ញុំកំពុងមើលការសិក្សាថ្មីៗបន្ថែមទៀត... ខ្ញុំមានប្រព័ន្ធភាពសុំាខ្ពស់បំផុតរួចហើយ, ហេតុអ្វីខ្ញុំត្រូវចាក់វ៉ាក់សាំងទៀត?... វាមិនខុសពីការទិញឆ្នោត ១០សន្លឹក ដើម្បីឈ្នះបាន ២សន្លឹកមកវិញនោះទេ, វាគ្មានន័យទាល់តែសោះ»

គួរបញ្ជាក់ថា កន្លងមកនេះ លោក Bolsonaro ធ្លាប់បានរិះគន់់បែបចំអក ចំពោះឥទ្ធិពលនៃវ៉ាក់សាំង Pfizer របស់អាមេរិកផងដែរ។ យ៉ាងណាក៏ដោយ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅទូទាំងប្រទេសប្រេស៊ីល បាននិងកំពុងបន្តទៅមុខជានិច្ច និងមានសន្ទុះលឿនថែមទៀត, ប៉ុន្តែលោក Bolsonaro ធ្លាប់បានលើកឡើងថា ការដែលប្រជាជនប្រេស៊ីលណាមិនព្រមចាក់វ៉ាក់សាំង នោះគឺជាសិទ្ធិរបស់ពួកគេ។

គិតត្រឹមថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២១ ប្រេស៊ីលមានអ្នកឆ្លង COVID-19 សរុប ២១,៥៩៧,៩៤៩នាក់ ក្នុងនោះស្លាប់ ៦០១,៦៤៣នាក់ និងជាសះស្បើយវិញ ២០.៧៤លាននាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺនេះវិញ ប្រេស៊ីលសម្រេចបាន ២៤៩លានដូស ក្នុងនោះប្រជាជន ៩៩.៦លាននាក់ (៤៦.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕