(ប៉េកាំង)៖ ក្នុងឱកាសថ្ងៃបុណ្យ Chongyang ដែលជាថ្ងៃបុណ្យប្រពៃណីចិនចូលមកដល់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់ការណែនាំដ៏សំខាន់ សម្រាប់ការងារផ្នែកមនុស្សវ័យចាស់ និងបានតំណាងមជ្ឈិមបក្សសូមជូនពរមនុស្សវ័យចាស់ នៅទូទាំងប្រទេសមានសុខភាពល្អ មានអាយុវែង និងមានសេចក្តីសុខសុភមង្គល។

លោក Xi Jinping បានលើកឡើងថា គណៈកម្មការបក្សនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ហើយអនុវត្តការងារផ្នែកមនុស្សវ័យចាស់ ឱ្យបានប្រាកដប្រជា ដោយបង្កើនការច្នៃប្រឌិតថ្មីខាងប្រព័ន្ធរបប ការគាំទ្រដោយគោលនយោបាយ និងការបណ្តាក់ទុនខាងហិរញ្ញវត្ថុ ធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធការងារផ្នែកមនុស្សវ័យចាស់ ពង្រឹងការចាត់ចែងកម្លាំងមូលដ្ឋាន ដើម្បីពន្លឿនកិច្ចកសាងរបបសន្តិសុខសង្គម និងប្រព័ន្ធសេវាថែទាំមនុស្សចាស់។

លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវផ្សព្វផ្សាយយ៉ាងពេញទំហឹង នូវគុណធម៌ប្រពៃណីស្តីពីការកតញ្ញូ ចំពោះឪពុកម្តាយនិងគោរពមនុស្សចាស់ អនុវត្តជាក់ស្តែងនូវគោល នយោបាយផ្តល់អត្ថប្រយោជន៍ដល់មនុស្សចាស់ គាំពារឱ្យបានល្អនូវសិទ្ធិនិងផល ប្រយោជន៍ស្របច្បាប់របស់មនុស្សចាស់ ដើម្បីឱ្យមនុស្សចាស់ទទួលបានសមិទ្ធផល នៃកំណែទម្រង់និងការអភិវឌ្ឍ ទទួលបានជីវិតក្នុងវ័យជរាដ៏មានសុភមង្គល៕