(អាស៊ាន)៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (ASEAN) នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រស្អែកនេះ ដើម្បីពិភាក្សាអំពីកិច្ចប្រជុំកំពូលនៃមេដឹកនាំក្នុងតំបន់ នាពេលខាងមុខ ដោយក្នុងនោះអាចនឹងមានការជជែកគ្នាអំពីការដក មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អោង ហ្លេង (Min Aung Hlaing) ពីកិច្ចប្រជុំកំពូល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១។

ប្រភពដែលមានមូលដ្ឋាននៅក្នុងប្រទេសជាសមាជិកអាស៊ាន ដែលរួមមានមន្រ្តីការទូតម្នាក់ និងមន្រ្តីរដ្ឋាភិបាលម្នាក់ បាននិយាយថា កិច្ចប្រជុំខាងលើ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ នៅថ្ងៃសុក្រស្អែកនេះ ក្រោមការរៀបចំរបស់ព្រុយណេ ដែលជាប្រធានអាស៊ាន។

នៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា ទើបតែបាននិយាយថា ប្រេសិតពិសេសអាស៊ាន នឹងមិនត្រូវបានអនុញ្ញាតឱ្យជួបជាមួយលោកស្រី អោងសាន ស៊ូ ជី (Aung Sann Su Kyi) អតីតមេដឹកនាំមីយ៉ាន់ម៉ា ដែលកំពុងជាប់ឃុំឡើយ ព្រោះលោកស្រី ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម។

សុន្ទរកថារបស់អ្នកនាំពាក្យខាងលើ ដែលចេញផ្សាយដោយយោធា នៅក្នុងសេចក្តីសង្ខេបមួយ ដែលបានចុះនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានកើតមាន ចំពេលដែលសម្ពាធអន្តរជាតិ បានកាន់តែកើនឡើងចំពោះរបបយោធាមីយ៉ាន់ម៉ា ដើម្បីឲ្យអនុវត្តផែនការសន្តិភាព៥ចំណុច ដែលលោកឧត្តមសេនីយ៍ Min Aung Hlaing បានយល់ព្រម កាលពីខែមេសាកន្លងទៅ ជាមួយអាស៊ាន៕