(កាប៊ុល)៖ ប្រភពមួយបានរាយការណ៍ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មន្ត្រីប៉ូលិសតាលីបង់ម្នាក់បានស្លាប់ និងមនុស្ស ១១នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកលើរថយន្តរបស់កងកម្លាំងសន្តិសុខតាលីបង់ នៅទីក្រុង អាសាដាបាដ (Asadabad) នៃខេត្ត គូណារ (Kunar) ភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ប្រាប់សារព័ត៌មានចិនស៉ីនហួរថា «ការផ្ទុះនេះបានកើតឡើង នៅជិតស្ពានមួយក្នុងតំបន់ ខាហាលី (Karhali) នៃទីក្រុង Asadabad នៅពេលព្រឹក។ លោក អាប់ឌុលឡោះ (Abdullah) ដែលជាមេបញ្ជាការប៉ូលិសតាលីបង់ប្រចាំស្រុក ហ្សេហល (Shehal) នៃខេត្ត Kunar បានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ»

មនុស្សរងរបួសទាំង ១១នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត Kunar។ ប្រធានមន្ទីរពេទ្យ គឺលោក អាត់ថាហុលឡោះ សាផាយ (Attahullah Sapay) បានគូសបញ្ជាក់ប្រាប់សារព័ត៌មានស៉ីនហួរថា ក្នុងចំណោមអ្នករងរបួសទាំងនោះ មានជនស៊ីវិលចំនួន ០៧នាក់ (ក្នុងនោះមានស្ត្រីម្នាក់ និងក្មេងៗចំនួន ០២នាក់) និងសមាជិកតាលីបង់ចំនួន ០៤នាក់។

គួរបញ្ជាក់ថា មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះនៅឡើយទេ។ ប៉ុន្តែក្រុមសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងជាមួយក្រុមភេរវករ ISIS ត្រូវបានគេដឹងថា បានធ្វើសកម្មភាពនៅក្នុងតំបន់ ដោយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពួកគេបានបើកការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ ដែលបានបណ្ដាលឱ្យមនុស្សជាច្រើនស្លាប់ និងរងរបួស៕