(វ៉ាស៊ីនតោន)៖ នៅពេលអតីតរដ្ឋបាលប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា រួមដៃជាមួយបារាំង និងសម្ព័ន្ធមិត្តអង្គការ NATO ផ្សេងទៀត បើកការវាយប្រហារតាមផ្លូវ អាកាស ដើម្បីផ្ដួលរំលំបុរសដែលពួកគេហៅថា «ជនផ្ដាច់ការ» មូអាំម៉ា កាដាហ្វី (Muammar Qaddafi) កាលពីឆ្នាំ២០១១, មានការរំពឹងខ្ពស់ជាច្រើនថាប្រទេសលីប៊ីនឹងរក ឃើញនូវអនាគតថ្មីរុងរឿងប្រកបដោយប្រជាធិបតេយ្យ, សេរីភាព និងសិទ្ធិមនុស្ស ក្រោយកាដាហ្វីត្រូវបានបណ្ដេញចេញពីអំណាច។ ប៉ុន្តែ មនុស្សគិត មិនដូចទេវតាគិត នោះគឺ លីប៊ីបានក្លាយជា «ឋាននរក» នៃអំពើហិង្សា, ការរំលោភសិទ្ធិមនុស្ស និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរជាងសម័យជនផ្ដាច់ការរូបនេះនៅកាន់អំណាចទៅទៀត។

ជម្លោះ, ការបាក់បែកចែកជាបក្ខពួក ដណ្ដើមអំណាចរៀងៗខ្លួន បានបង្ខំឱ្យប្រជាជនស្លូតត្រង់លីប៊ី កា្លយជាជនភៀសខ្លួនដោយសុខចិត្តប្រថុយជីវិតធ្វើដំណើរតាមទូកតូចៗ រសាត់អណែ្តតលើសមុទ្រមេឌីទែរ៉ាណេ ដើម្បីចូលទៅកាន់បណ្ដាប្រទេសអឺរ៉ុបកសាងជីវិតថ្មី។ បណ្ដាប្រទេសជាច្រើន ក្នុងនោះរួមមាន អេហ្ស៊ីប, តួកគី, អារ៉ាប៊ីសាអូឌីត, អេមីរ៉ាតអារ៉ាប់រួម, និងរុស្ស៊ី រួមទាំងសហរដ្ឋអាមេរិកសុទ្ធតែបានលូកដៃចូលក្នុងជម្លោះនៅលីប៊ី តាមរយៈការផ្កល់ការគាំទ្រដល់ថ្នាក់ដឹកនាំអ្នកនយោបាយ និងយោធាសំខាន់ៗ ដែលបានក្លាយជា «កូនអុក» របស់ពួកគេ ហើយនេះបានធ្វើឱ្យភាពចលាចល និងជម្លោះបង្ហូរឈាមកាន់តែមានសភាពធ្ងន់ធ្ងរ រហូតដល់រុញឱ្យលីប៊ីសព្វថ្ងៃក្លាយជាទីលាននៃ «សង្រ្គាមកូនអុក» ដណ្ដើមឥទ្ធិពលគ្នារវាងពួកមហាអំណាចទាំងនេះ។

របាយការណ៍ថ្មីមួយចេញផ្សាយកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ដោយអង្គការសហប្រជាជាតិ (UN), បានគូសបញ្ជាក់ពីវិសាលភាពនៃសាកនាដកម្មនៅលីប៊ីដែល ថ្នាក់ដឹកនាំអាមេរិកបណ្ដែតបណ្ដោយឱ្យវាកើតឡើង។ បេសកកម្មស្វែងរកការពិតរបស់ UN ពាក់ព័ន្ធនឹងការប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាម និងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅលីប៊ីចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ មានគោលដៅចម្បងស៊ើបអង្កេតលើភាគីជាប់ទាក់ទងនឹងជម្លោះ ក្នុងនោះរួមមានប្រទេសទី៣, ទាហានបរទេស និងទាហានស៊ីឈ្នួល ដែលជាប់សង្ស័យថាបានរំលោភច្បាប់មនុស្សធម៌អន្តរជាតិ និងខ្លះទៀតបានប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាម។ នេះបើតាមសម្ដីរបស់លោក មហំាម៉ាត់ អូអាតចា (Mohamed Auajjar) ជាសហប្រធានបេសកកម្មស្វែងរកការពិតរបស់ UN។

របាយការណ៍ខាងលើ បានរកឃើញថាអំពើហិង្សាក្នុងនោះរួមមានការវាយប្រហារលើមន្ទីរពេទ្យ និងសាលារៀនបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច, សង្គម និងសិទ្ធិមនុស្ស នៅក្នុងប្រទេសលីប៊ី។ មិនតែប៉ុណ្ណោះ របាយការណ៍នេះដដែលថែមទាំងបានអះអាងទៀតផងពីការជ្រើសរើស និងការចូលរួមរបស់កុមារនៅក្នុងជម្លោះ ព្រមទាំងការបាត់ខ្លួន ដោយអាថ៌កំបាំង ឬការសម្លាប់ស្ត្រីមានឥទ្ធិពលមួយចំនួននៅក្រៅប្រព័ន្ធតុលាការ ក៏ដូចជាវត្តមានទាហានបរទេស និងទាហានស៊ីឈ្នួលដែលត្រូវបានគេចោទប្រកាន់ថាមាន ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Wagner Group មានមូលដ្ឋានៅក្នុងប្រទេសរុស្ស៊ី។

ទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីភាពផ្ទុយទាំងស្រុងពីគំនិតសុទិដ្ឋនិយមដែលរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ធ្លាប់លើកឡើងថាលីប៊ីនឹងមានអនាគតរុងរឿងក្រោយអន្តរាគមន៍ យោធារបស់សហរដ្ឋអាមេរិក ដើម្បីមនុស្សធម៌។ បើគេចាំមិនភ្លេចទេ, នៅថ្ងៃដែលរបបដឹកនាំកាដាហ្វីលីដួលរលំ, លោក អូបាម៉ា បាននិយាយជាសាធារណៈថាទីក្រុងទ្រីប៉ូលី ត្រូវបានរំដោះចេញពីកណ្ដាប់ដៃរបស់ជនផ្ដាច់ការ រីឯប្រជាជនលីប៊ីបានបង្ហាញថាការស្វែងរកសេចក្ដីថ្លៃថ្នូរ និងសេរីភាពមានភាពខ្លាំងក្លាជាងកណ្ដាប់ដៃរបស់ជនផ្ដាច់ការ។

បន្ថែមពីលើនេះ ក្រោយកាដាហ្វីត្រូវបានចាប់ខ្លួន និងត្រូវគេប្រហារជីវិត (នៅឯទីក្រុងសៀត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១) លោក អូបាម៉ា បានប្រកាសយ៉ាងឱឡារិក ថាសម្រោលដ៏ខ្មៅងងឹតរបស់ជនផ្ដាច់ការត្រូវបានលុបចេញពីលីប៊ី ស្របពេលអ្នកនយោបាអាមេរិកដែលគាំទ្រអន្តរាគមន៍របស់អាមេរិកបាននាំគ្នាអបអរសាទរជាមួយការសន្មត់ ថាទីបញ្ចប់នៃរបបដឹកនាំកាដាហ្វី គឺជាជោគជ័យមួយសម្រាប់ប្រជាជនលីប៊ីទាំងមូល និងបុព្វហេតុដ៏ធំដើម្បីសេរីភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏ដូចជានៅទូទាំងពិភពលោក ទាំងមូល។ តែក្រោយការរលំរលាយរបបដឹកនាំាកាដាហ្វី, សិទ្ធិមនុស្ស, សេរីភាព, ប្រជាធិបតេយ្យ, សេចក្ដីថ្លៃថ្នូរ និងអនាគតរុងរឿងដែលពួកគេបានសន្យាចំពោះប្រជាជនលីប៊ី បែរជាជំនួសមកវិញដោយអំពើហិង្សា, ការរំលោភសិទ្ធិមនុស្ស, ការបាក់បែកជាតិ និងសេដ្ឋកិច្ចធ្លាក់ដល់បាតទៅវិញ ខណៈអ្នកជំនាញជាច្រើនចាប់ផ្ដើមចោទសួរឡើងវិញថាតើ ការធ្វើអន្តរាគមន៍យោធានៅលីប៊ី គឺជាកំហុសឆ្គងមួយដ៏ធំដែរ ឬក៏យ៉ាងណា? ពិតមែនទៅ សំណួរនេះអ្នកដែលត្រូវឆ្លើយមុនគេ មានតែប្រជាជនលីប៊ីខ្លួនឯងប៉ុណ្ណោះ ដ្បិត មានតែពួកគេទេ ទើបដឹងតើថាជីវិតរស់នៅក្រោមការដឹកនាំរបស់ជនផ្ដាច់ការកាដាហ្វី និងក្រោយការលូកដៃពីបរទេស, មួយណាល្អប្រសើរជាងសម្រាប់ពួកគេ។

របាយការណ៍របស់អង្គការសហប្រជាជាតិក៏ហាក់ដូចជាបានទទួលស្គាល់ផងដែរថា ភាពចលាចលនៅលីប៊ីមានស្ថានភាពអាក្រក់បំផុតមិនធ្លាប់មាន នៅក្នុងចំណោមសង្រ្គាម ប្ដូររបបដឹកនាំរបស់សហរដ្ឋអាមេរិក។ មួយវិញទៀត ទោះបីជាមានបទឈប់បាញ់រវាងរដ្ឋាភិបាលទីក្រុងទ្រីប៉ូលី (គាំទ្រដោយអន្តរជាតិ) និងរដ្ឋាភិបាលលីប៊ីភាគខាងកើតរបស់ លោក ខលីហ្វា ហាហ្វតា (Khalifa Haftar) ក៏ពិតមែន តែក្ដីសង្ឃឹមបិទបញ្ចប់ជម្លោះតាមរយៈការបោះឆ្នោតសកលដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២១នេះ នៅតែ ស្ថិតនៅក្នុងភាពផុយស្រួយ។

គួរបញ្ជាក់ថា របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិបានបង្ហាញយ៉ាងច្បាស់ពីគុណវិបត្តិរយៈពេលវែងនៃការធ្វើអន្តរាគមន៍យោធាអាមេរិក- NATO នៅក្នុងប្រទេសលីប៊ី។ អតីតមេដឹកនាំលីប៊ី លោក មូអាំម៉ា កាដាហ្វី ត្រូវបានបណ្ដាប្រទេសលោកខាងលិចចាត់ទុកថាជាជនផ្ដាច់ការសាហាវឃោរឃៅ។ ប៉ុន្តែ អ្វីដែលគេបានឃើញនឹងភ្នែក នោះគឺ ជីវិតប្រជាជនលីប៊ីសព្វថ្ងៃកាន់តែអាក្រក់តោកយ៉ាកជាងសម័យកាលលោកកាដាហ្វី ដឹកនាំទៅទៀត៕

ប្រភព៖ Cato Institute (ថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១)