(យូអិន)៖ មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា (ពេលវេលានៅទីក្រុងហ្សឺណែវ) បានជ្រើសរើសសហរដ្ឋអាមេរិក ឲ្យចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលហៅកាត់ថា UNHRC នោះឡើងវិញហើយ បន្ទាប់ពីអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានដកឈ្មោះមហាអំណាចមួយនេះចេញ កាលពីអំលុងឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១។

សហរដ្ឋអាមេរិកបានទទួលសំឡេងគាំទ្រ ១៦៨ ក្នុងចំណោមសំឡេងសរុប ១៩៣ នៅក្នុងមហាសន្និបាត UN ក្នុងការបោះឆ្នោតដោយសម្ងាត់មួយ កាលពីថ្ងៃព្រហស្បតិ៍។ ក្នុងនាមជាសមាជិកនៃ UNHRC ដែលមានប្រទេសជាសមាជិកសរុបចំនួន ១៨ សហរដ្ឋអាមេរិកនឹងចាប់ផ្តើមអាណត្តិថ្មី ដែលមានរយៈពេល ៣ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ ដូចបានបញ្ជាក់រួចមកហើយថា ទីក្រុងប៉េកាំង និងម៉ូស្គូ កំពុងស្ថិតនៅក្នុងក្រសែភ្នែកទីក្រុងវ៉ាស៊ីនតោន រួចជាស្រេចហើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ដែលបានស្បថចូលកាន់តំណែង កាលពីខែមករា ឆ្នាំ២០២១ បានប្តេជ្ញារួចទៅហើយថា រដ្ឋបាលដឹកនាំរបស់លោក នឹងដាក់បញ្ហាសិទ្ធិមនុស្សជាអាទិភាព នៅក្នុងនយោបាយការបរទេស ហើយរដ្ឋបាលលោកនឹងមិនអាចជៀសឆ្ងាយពីការរិះគន់ចិន ទៅលើបញ្ហាទីក្រុងហុងកុង, តំបន់ស៊ីនជាំង, កោះតៃវ៉ាន់ និងចំពោះទីក្រុងម៉ូស្គូនោះឡើយ។

សហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៨ ដែលជាសម័យកាលដឹកនាំដោយលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកខ្លួនចេញពី UNHRC ដោយចោទក្រុមប្រឹក្សា UN នេះថា «លាក់ពុត» និងព្យាយាមរករឿងតែចំពោះប្រទេសអ៊ីស្រាអែល។ ប៉ុន្តែនៅក្នុងឆ្នាំ២០២១នេះ ដែលជាសម័យកាលកំពុងដឹកនាំដោយលោក ចូ បៃដិន, សហរដ្ឋអាមេរិកនឹងត្រូវស្តារឥទ្ធិពលឡើងវិញ ដើម្បីដោះស្រាយបញ្ហាដែលខ្លួនមើលឃើញថា «ជាការកើនឡើងនៃឥទ្ធិពលចិន» នៅអំលុងពេលដែលសហរដ្ឋអាមេរិកអវត្តមាន។

មន្ត្រីទូតអឺរ៉ុបម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា អឺរ៉ុបស្វាគមន៍ចំពោះការត្រឡប់មកកាន់ UNHRC វិញ ពីសំណាក់សហរដ្ឋអាមេរិក។ មន្ត្រីទូតអឺរ៉ុបរូបនេះក៏បានជំរុញឲ្យសហរដ្ឋអាមេរិក ផ្តោតការយកចិត្តទុកដាក់ឡើងវិញ ចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍមួយចំនួន ដែលត្រូវបានទីក្រុងប៉េកាំង ផ្តល់ការគាំទ្រយ៉ាងកក់ក្តៅ កាលពីអំលុងសហរដ្ឋអាមេរិកអវត្តមាននោះផងដែរ។

ជុំវិញវត្តមានរបស់សហរដ្ឋអាមេរិកឡើងវិញ នាពេលខាងមុខនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក ឈិន ស៊ូ (Chen Xu) បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះថា «ចិនសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោន នឹងបើកកិច្ចសន្ទនាក្នុងន័យស្ថាបនា ហើយនឹងមិនធ្វើឱ្យសិទ្ធិមនុស្ស ក្លាយជាឈ្នាន់នយោបាយម្តងទៀតឡើយ»