(វ៉ាស៉ីនតោន)៖ កងទ័ពជើងទឹកអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថា បុគ្គលិកដែលបដិសេធមិនទទួល ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងត្រូវបណ្តេញចេញមុនថ្ងៃផុតកំណត់ថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខនេះ សម្រាប់ការចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍មួយខាងលើនេះបានឲ្យដឹងថា «កាតព្វកិច្ចចាក់វ៉ាក់សាំង ត្រូវបានដាក់ចេញសម្រាប់សមាជិកយោធាទាំងអស់ ហើយកងទ័ពជើងទឹកបានប្រកាសពីផែនការ ដើម្បីចាប់ផ្តើមដំណើរការបណ្ដេញ អ្នកដែលបដិសេធមិនទទួលការចាក់វ៉ាក់សាំងចេញ ដោយគ្មានការរង់ចាំ ឬការលើកលែងណាមួយឡើយ»

សេចក្តីថ្លែងការណ៍ដដែលបាននិយាយបន្ថែមថា អ្នកដែលត្រូវបានគេបណ្តេញចេញ ដោយការបដិសេធមិនទទួលការចាក់វ៉ាក់សាំង នឹងទទួលបានការបណ្តេញចេញ «ប្រកបដោយកិត្តិយស» ប៉ុន្តែក៏អាចបាត់បង់ផលប្រយោជន៍ជាក់លាក់ ឬត្រូវបង្ខំឱ្យសងថ្លៃដើមបណ្តុះបណ្តាល និងការអប់រំក្នុងករណីខ្លះផងដែរ។

វាគឺជាការចង្អុលបង្ហាញយ៉ាងច្បាស់ជាលើកដំបូង ដោយមន្ទីរការពារជាតិអាមេរិក បញ្ចកោណ (Pentagon) អំពីអ្វីដែលនឹងកើតឡើងចំពោះសមាជិកសេវាកម្ម ដែលបដិសេធមិនទទួលការវ៉ាក់សាំង ដែលបានក្លាយជាកាតព្វកិច្ច កាលពីចុងខែសីហាកន្លងមកនេះ។

ស្ថាប័នកងទ័ពជើងទឹកអាមេរិកបានឲ្យដឹងទៀតថា ៩៨ភាគរយនៃសមាជិកសកម្មចំនួន ៣៥០,០០០នាក់របស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ។ រីឯសម្រាប់កងកម្លាំងយោធាជើងគោកវិញ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ខឺប៊ី (John Kirby) បាននិយាយថា គិតថ្ងៃអង្គារសប្ដាហ៍នេះ ៩៦.៧ភាគរយនៃសមាជិកយោធាសកម្មទាំងជិត ១.៤លាននាក់របស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូសរួចរាល់ហើយ ខណៈ ៨៣.៧ភាគរយទៀតបានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស)។

បើតាមរបាយការណ៍ចុងក្រោយពីកងទ័ពជើងទឹកបានបញ្ជាក់ថា កងទ័ពជើងទឹកចំនួន ១៦៤នាក់បានស្លាប់ដោយសារជំងឺ COVID-19 គិតចាប់តាំងពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ បានចាប់ផ្តើមផ្ទុះឡើង ហើយក្នុងចំណោមអ្នកស្លាប់ មាន ១៤៤នាក់ត្រូវបានគេដឹងថា មិនបានទទួលការចាក់វ៉ាក់សាំងឡើយ៕