(កៅសុង)៖ គិតត្រឹមថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១នេះ មនុស្សចំនួន ៤៦នាក់បានបាត់បង់ជីវិត នៅក្នុងឧបទ្ទវហេតុឆាបឆេះអគារស្នាក់នៅមួយកន្លែង នៅទីក្រុង កៅ សុង (Kaohsiung) ភាគខាងត្បូងកោះតៃវ៉ាន់ ខណៈក្រុមអ្នកស៊ើបអង្កេត កំពុងស្វែងរកមូលហេតុ ដែលបង្កឱ្យមានគ្រោះអគ្គិភ័យឆាបឆេះដ៏ប្រល័យបំផុត សម្រាប់កោះតៃវ៉ាន់ ក្នុងពេលជាច្រើនទសវត្សរ៍មកនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP។

គ្រោះអគ្គិភ័យនេះ គឺជាសោកនាដកម្មចុងក្រោយបង្អស់ ដែលបានរំលេចនូវ ការព្រួយបារម្ភអំពីស្តង់ដារសុវត្ថិភាព ដែលមានភាពទន់ជ្រាយនៅកោះតៃវ៉ាន់ ហើយបានលាតត្រដាងពីស្ថានភាពរស់នៅតោកយ៉ាក របស់មនុស្សចាស់ជាច្រើន នៅក្នុងសង្គមតៃវ៉ាន់។

អគារដែលបានឆាបឆេះនេះ គឺស្ថិតនៅក្នុងស្ថានភាពចាស់ ហើយអ្នកដែលបានស្លាប់ភាគច្រើន គឺជាកម្មករនិងមនុស្សចាស់ ដែលមានប្រាក់ចំណូលទាប ដែលអ្នកខ្លះមានពិការភាព និងវង្វេងវង្វាន់ទៀតផង។

បើតាមក្រុមមន្រ្តីអគ្គិភ័យកោះតៃវ៉ាន់ មូលហេតុមួយដែលបណ្ដាលឱ្យអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនោះ គឺដោយសារជាន់ពាណិជ្ជកម្ម ៥ជាន់ដែលនៅផ្នែកខាងក្រោម ពោរពេញទៅដោយកម្ទេចកម្ទី និងរបស់របរបោះចោល ដែលបង្កើតជាផ្សែងយ៉ាងច្រើន ដែលបន្ទាប់មកបានឆាបឆេះជាន់អាផាតមិនស្នាក់នៅខាងលើ។

គួរបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បានឆាបឆេះនៅវេលាយប់រំលងអធ្រាត្រថ្ងៃអង្គារឈានចូលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅអគារស្នាក់នៅមួយ ដែលមានកម្ពស់ ១៣ជាន់ និងមានអាយុកាល ៤០ឆ្នាំមកហើយ ដែលស្ថិតនៅក្នុងសង្កាត់ យ៉ានឆេង (Yancheng) ទីក្រុង Kaohsiung ភាគខាងត្បូងកោះតៃវ៉ាន់ ហើយត្រូវបានពន្លត់ទៅវិញនៅវេលាព្រឹកព្រលឹមថ្ងៃដដែល៕