(ស៉ីដនី)៖ ភាពតានតឹងនៃទំនាក់ទំនងរវាងតៃវ៉ាន់ និងចិន កាន់តែបង្កឱ្យមានការព្រួយបារម្ភខ្លាំងឡើងពីការផ្ទុះសង្រ្គាម។ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng កាលពីសប្ដាហ៍មុនបានព្រមានជាសាធារណៈថាចិនអាចនឹងមានសមត្ថភាពពេញលេញ ប្រើកម្លាំងយោធាទ្រង់ទ្រាយធំវាយយកកោះតៃវ៉ាន់ នៅឆ្នាំ២០២៥ខាងមុខ។ នៅចំពោះ មុខការព្រួយបារម្ភពីការផ្ទុះសង្រ្គាម វាក៏មានការចោទសួរឡើងផងដែរថាតើសង្រ្គាមប្រឆាំងចិនជួយកោះតៃវ៉ាន់ ឬក៏ថាតើចិនវាយយកកោះតៃវ៉ាន់ គឺជារឿងស្របច្បាប់ដែរឬទេ?

ពិតមែនទៅ ការកំណត់ឱ្យច្បាស់ថាតើសង្រ្គាមនៅលើកោះតៃវ៉ាន់ជាសកម្មភាពស្របច្បាប់ ឬមិនស្របច្បាប់មានភាពស្មុគស្មាញជាទីបំផុត នោះគឺដោយសារតែភាពមិនច្បាស់ លាស់នៃ «ឋានៈស្របច្បាប់របស់កោះតៃវ៉ាន់»។ ក៏ប៉ុន្តែមានចំណុចសំខាន់ៗមួយចំនួនដែលគេត្រូវស្វែងយល់ រួមមាន៖ « ឋានៈរបស់តៃវ៉ាន់, ច្បាប់អន្តរជាតិ និងភូមិសាស្ត្រ នយោបាយ» បូករួមទាំងហេតុផលដែលចិនអាចយកមកធ្វើជាសំអាងប្រើប្រាស់កម្លាំងយោធា ដូចជាការប្រកាសឯករាជ្យរបស់តៃវ៉ាន់ជាដើម ដែលចិនបានចាត់ទុកថាជា «បន្ទាត់ក្រហម»

*ឋានៈរបស់តៃវ៉ាន់ និងច្បាប់អន្តរជាតិ

ចិនបានអះអាងជារឿយៗថាតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ តៃវ៉ាន់ត្រូវបានកាត់ផ្ដាច់ចេញពីចិនដីគោក បន្ទាប់ពីកងទ័ពជាតិនិយមដឹកនាំដោយអតីតប្រធានាធិបតី សាធារណរដ្ឋចិន លោក ចាង កៃ ចៀក (Chiang Kai-shek) ទទួលរងបរាជ័យក្រោមថ្វីដៃកងទ័ពកុម្មុយនិស្ដចិនរបស់លោក ម៉ៅ សេទុង នៅក្នុងសង្រ្គាមស៊ីវិល ឆ្នាំ១៩៤៩។ ក្រោយបរាជ័យនេះ លោក ចាង កៃ ចៀក បានដឹកនាំកងទ័ពទៅឈរជើងនៅឯកោះតៃវ៉ាន់ ហើយបានបង្កើតរដ្ឋាភិបាលមួយមានឈ្មោះថាសាធារណរដ្ឋចិន ឬតៃវ៉ាន់សព្វថ្ងៃ ខណៈសាធារណរដ្ឋប្រជាមានិតចិន ឬចិនកុម្មុយនិស្ដរបស់លោក ម៉ៅ សេទុង គ្រប់គ្រងចិនដីគោក។ តៃវ៉ាន់ត្រូវបានអន្តរជាតិទទួលស្គាល់ជាប្រទេសរហូតដល់ឆ្នាំ១៩៧១ តែក្រោយពេល ចិនកុម្មុយនិស្ដទទួលបានកៅអីជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ, ឋានៈជាប្រទេស ឬរដ្ឋដាច់ដោយឡែករបស់តៃវ៉ាន់ នៅឯអង្គការសហប្រជាជាតិត្រូវបានបដិសេធ ផ្ទុយពីប៉ាឡេស្ទីនដែលត្រូវបានទទួលស្គាល់ជារដ្ឋអង្កេតការណ៍។

មិនថាតែអន្តរជាតិទេ ដែលមានភាពមិនច្បាស់លាស់ចំពោះឋានៈតៃវ៉ាន់ សូម្បីតែតៃវ៉ាន់ខ្លួនឯងក៏មានការស្រពិចស្រពិលចំពោះឋានៈរបស់ខ្លួន និងនិយមន័យនៃកិច្ចព្រមព្រៀង «គោលនយោបាយចិនតែមួយ» ជាមួយចិនកាលពីឆ្នាំ១៩៩២ផងដែរ។ ពោលគឺចាប់តាំងពីទសវត្សរឆ្នាំ១៩៩០មក តៃវ៉ាន់ត្រូវបានគេមើលឃើញថាកាន់តែធ្វើឱ្យខ្លួនឯងមានភាពខុសប្លែកពីចិនដីគោក ដោយមិនទទួលយក «គោលនយោបាយប្រទេសមួយ ប្រព័ន្ធពីរ» របស់ទីក្រុងប៉េកាំងនោះទេ។ ជាក់ស្ដែង ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ធ្លាប់បានលើកឡើងថាតៃវ៉ាន់គឺ «ជាប្រទេសមួយមានឯករាជ្យភាពរួចស្រេចទៅហើយ» ទោះបីជាមិនប្រកាសឯករាជ្យជាផ្លូវការក៏ដោយ ហើយប្រជាជនតៃវ៉ាន់ភាគច្រើនក៏គាំទ្រ ឋានៈមិនច្បាស់លាស់នេះដែរ។

មកទល់នឹងបច្ចុប្បន្ន, មានតែប្រទេសចំនួន១៥ ប៉ុណ្ណោះដែលទទួលស្គាល់តៃវ៉ាន់ជារដ្ឋមួយដាច់ដោយឡែកពីចិន ហើយប្រទេសទាំងនេះទៀតសោតសុទ្ធតែជាប្រទេសតូចៗ ផ្ទុយពីប៉ាឡេស្ទីនដែលមានប្រទេសចំនួន ១៣៩ ទទួលស្គាល់ និងកូសូវ៉ូ មានប្រទេស ១១៧ទទួលស្គាល់ជារដ្ឋឯករាជ្យ។ ប្រទេសភាគច្រើននៅក្នុងពិភពលោក ក្នុងនោះមាន ទាំងសហរដ្ឋអាមេរិកទទួលស្គាល់ចិន ដោយពួកគេមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ឡើយ។ នៅក្រោមច្បាប់អន្តរជាតិ, ដែនដីមួយដែលអាចចាត់ទុកជាប្រទេស បាន លុះត្រាតែមានប្រជាជនអចិន្ត្រៃយ៍, ទឹកដីពិតប្រាកដ, រដ្ឋាភិបាល និងមានសមត្ថភាពភ្ជាប់ទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសដទៃ។ តៃវ៉ាន់បានបំពេញលក្ខខណ្ឌ ទាំងនេះភាគច្រើន តែអ្វីដែលនៅខ្វះ នោះគឺទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសដទៃ។ ខណៈតៃវ៉ាន់មិនបានប្រកាសឯករាជ្យពីចិន រីឯសហគមន៍អន្តរជាតិទាំងមូលក៏មិនទទួលស្គាល់តៃវ៉ាន់ជាប្រទេស វាមានន័យថាតៃវ៉ាន់មិនមានលក្ខណៈពេញលេញជា «ប្រទេស» ទេ។

នៅត្រង់នេះនិយាយជាសាមញ្ញច្បាប់អន្តរជាតិ គឺឈរនៅខាងចិន។ ច្បាប់អន្តរជាតិបានចែងថាប្រទេសមួយមានសិទ្ធិប្រើប្រាស់កម្លាំងយោធា ដើម្បីការពារខ្លួនឯងប្រឆាំងនឹង ការវាយប្រហារពីសត្រូវ ឬប្រទេសដទៃមួយ ហើយអាចស្នើសុំជំនួយអន្តរាគមន៍ពីបណ្ដាប្រទេសដទៃបាន។ ប៉ុន្តែ ប្រសិនបើមិនមែនជារដ្ឋ ឬក៏ជាប្រទេសមួយផង, តៃវ៉ាន់គ្មានសិទ្ធិ ដើម្បីការពារខ្លួនពីចិន ឬក៏ស្នើឱ្យសម្ព័ន្ធមិត្តចូលជួយទេ។ លើសពីនេះទៅទៀត, ច្បាប់អន្តរជាតិក៏បានចែងផងដែរថារដ្ឋ ឬប្រទេសនីមួយៗមានសិទ្ធិអធិបតេយ្យរក្សាអំណាចលើ ទឹកដី និងប្រជាជនរបស់ខ្លួន ក្នុងនោះរួមទាំងមានសិទ្ធិស្របច្បាប់បង្ក្រាបក្រុមឧទ្ទាមផ្ដាច់ទឹកដី។

 

ដូច្នេះ ប្រសិនបើតៃវ៉ាន់ជាទឹកដីរបស់ចិន, ចិនមានសិទ្ធិយកតៃវ៉ាន់ និងស្ដារអធិបតេយ្យភាពចិនឡើងវិញ ដូចដែលសហរដ្ឋអាមេរិកធ្លាប់បានធ្វើនៅក្នុងសង្រ្គាមស៊ីវិល។ ចំណែកឯ ការលូកដៃ ឬធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ដើម្បីជួយកោះតៃវ៉ាន់ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ឬលោកខាងលិចនឹងត្រូវបានចាត់ទុកជាទង្វើខុសច្បាប់ ហើយ ពិតមែនទៅ សូម្បីតែការលក់អាវុធរបស់អាមេរិកឱ្យតៃវ៉ាន់ ក្នុងពេលបច្ចុប្បន្ន ក៏អាចត្រូវបានចាត់ទុកថាខុសច្បាប់ដែរ ដូចគ្នាទៅនឹងរុស្ស៊ីដែលផ្ដល់អាវុធឱ្យក្រុមឧទ្ទាមផ្ដាច់ទឹកដី នៅភាគខាងកើតប្រទេសអ៊ុយក្រែន។

*ភូមិសាស្ត្រនយោបាយ

សហរដ្ឋអាមេរិក មិនបានទទួលស្គាល់តៃវ៉ាន់ជាប្រទេសឡើយ និងទទួលស្គាល់នយោបាយចិនតែមួយ ដែលក្នុងនោះចែងថារដ្ឋាភិបាលទីក្រុងប៉េកាំង គឺជារដ្ឋាភិបាលស្របច្បាប់ តែមួយគត់របស់ចិន។ តែទោះជាយ៉ាងនេះក្ដី សហរដ្ឋអាមេរិកមិនបានទទួលស្គាល់ការទាមទារអធិបតេយ្យភាពរបស់ចិនលើកោះតៃវ៉ាន់នោះទេ។ ក្រុមអ្នកជំនាញភាគច្រើន យល់ថាបើសង្រ្គាមផ្ទុះឡើង អាមេរិកអាចនឹងចូលជួយតៃវ៉ាន់ ដ្បិតបើតៃវ៉ាន់ធ្លាក់ទៅក្រោមដៃរបស់ចិន នោះអំណាច និងឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក៏ រលាយរលត់ទៅជាមួយតៃវ៉ាន់ដែរ។

ជាធម្មតា, នៅពេលគេនិយាយពីភូមិសាស្ត្រនយោបាយ គឺគេផ្ដោតសំខាន់ទៅលើផលប្រយោជន៍។ ពោលគឺបើមានផលប្រយោជន៍, សហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តដូចជាអូស្ត្រាលី អាចនឹងព្យាយាមបកស្រាយច្បាប់អន្តរជាតិ ឬព្យាយាមពន្យល់ថាតើហេតុអ្វីបានជាពួកគេគិតថាការការពារតៃវ៉ាន់ គឺជារឿងស្របច្បាប់ ដើម្បីជាការតេស្ដប្រតិកម្ម ឬការគាំទ្រ ពីអន្តរជាតិចំពោះការបកស្រាយរបស់ពួកគេ។ ជាឧទាហរណ៍, សង្រ្គាមនៅអ៉ីរ៉ាក់កាលពីឆ្នាំ២០០៣ ត្រូវបានមជ្ឈដ្ឋានទូទៅយល់ថាជា «សង្រ្គាមខុសច្បាប់» តែសហរដ្ឋអាមេរិក អះអាងថាវាជារឿងស្របច្បាប់ដែលមានបំណងដើម្បីការពារសន្តិភាព និងសណ្ដាប់ធ្នាប់ពិភពលោក ដោយចោទថាអ៉ីរ៉ាក់របស់សាដាំ ហូសេន មានអាវុធនុយក្លេអ៊ែរ។

នៅក្នុងន័យនេះ, មានចំណុច៣ ដែលសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តអាចនឹងទាញចេញពីច្បាប់អន្តរជាតិឱ្យស្របទៅតាមន័យ ដែលច្បាប់ឈរនៅខាងតៃវ៉ាន់ រីឯការធ្វើអន្តរាគមន៍ ជួយតៃវ៉ាន់គឺស្របច្បាប់។ ទីមួយ៖ នោះគឺបញ្ជាក់ថាតៃវ៉ាន់ជា «រដ្ឋមានស្ថិរភាពតាមព្រឹត្តន័យ ឬរដ្ឋតាមភាពជាក់ស្ដែង» ឬក៏ពាក្យបច្ចេកទេសហៅថា «de facto state» ដែលមាន សិទ្ធិប្រហាក់ប្រហែលក្នុងការការពារខ្លួនឯង ក្នុងនាមជា «រដ្ឋតាមភាពជាក់ស្ដែងមួយ» ក្នុងនោះរួមបញ្ចូលទាំងទទួលបានកិច្ចការពារជាសមូហភាពពីសម្ព័ន្ធមិត្ត។ ទី២៖ គឺសំអាង ថាបណ្ដារដ្ឋទាំងអស់ត្រូវតែដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ហើយដែលការដោះស្រាយជម្លោះរបៀបនេះត្រូវអនុវត្តជាមួយ «រដ្ឋតាមភាពជាក់ស្ដែង» ដូចជាតៃវ៉ាន់។ ចំណែកឯចំណុចទី៣៖ គឺអះអាងថាតៃវ៉ាន់មានប្រជាជនមានអត្ដសញ្ញាណផ្ទាល់ខ្លួន និងសិទ្ធិសម្រេចជោគវាសនាដោយខ្លួនឯង ដែលនេះមានន័យថាតៃវ៉ាន់មានសិទ្ធិកំណត់ ជោគវាសនានយោបាយរបស់ពួកគេដោយសេរី ពីការគំរាមកំហែងរបស់ចិន។ ប្រជាជនតៃវ៉ាន់ជាង ៧០ភាគរយ មានដើមកំណើតជា «ជនជាតិហាន» ដូចជាប្រជាជនចិនដីគោក ភាគច្រើនដូច្នោះដែរ។ តែក្នុងរយៈពេលជាង៧០ឆ្នាំមកនេះ ដោយសារតែនយោបាយស្វ័យភាព វាបានកែប្រែសង្គមតៃវ៉ាន់ឱ្យមានភាពខុសប្លែកស្ទើរតែទាំងស្រុងពីចិន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចមិនបានទទួលស្គាល់តៃវ៉ាន់ជាប្រទេសទេ ហើយក៏មិនបានធានាថានឹងធ្វើអន្តរាគមន៍យោធាជួយតៃវ៉ាន់ ក្នុងករណី ដែលមានការវាយប្រហារពីចិននោះដែរ។ តៃវ៉ាន់គឺជាអ្នកបារម្ភពីរឿងនេះខ្លាំងបំផុត ដ្បិតស្ថានការណ៍ពិភពលោកដែលកើតឡើងជាបន្តបន្ទាប់ បានធ្វើឱ្យថ្នាក់ដឹកនាំតៃវ៉ាន់ រួមទាំងប្រជាជនតៃវ៉ាន់មានការសង្ស័យ ឬសឹងតែមិនជឿទេថាអាមេរិក ឬអឺរ៉ុបដែលមិនទាំងទទួលស្គាល់តៃវ៉ាន់ផង នឹងពលីជីវិតកងទ័ពរបស់ពួកគេដើម្បីជួយតៃវ៉ាន់។

ការដួលរលំរបស់អាហ្វហ្កានីស្ថាន និងការឡើងកាន់អំណាចសាជាថ្មី រួមទាំងការក្រសោបយកតំបន់គ្រីមមៀពីអ៊ុយក្រែនដោយរុស្ស៊ី ទាំងមិនមានប្រទេសណាមួយជួយអ៊ុយក្រែន វាអាចឱ្យគេយកមកធ្វើជាទឡ្ហីករណ៍នៃកង្វល់របស់តៃវ៉ាន់បាន ហើយវាក៏លើកទឹកចិត្តឱ្យថ្នាក់ដឹកនាំចិនចាប់ផ្ដើមធ្វើការសន្និដ្ឋានជាបណ្ដើរៗ ដែរថាប្រហែលជាគ្មានអ្នកចូលជួយ តៃវ៉ាន់ទេ ដែលនេះជាអ្វីដែលគេត្រូវព្រួយបារម្ភបំផុត។ មិនថាច្បាប់អន្តរជាតិ ឬក៏សណ្ដាប់ធ្នាប់អន្តរជាតិនោះទេ វានឹងក្លាយជារឿង «អាណាធិបតេយ្យ» ប្រសិនគ្មាននរណាម្នាក់ មានឆន្ទៈក្នុងការអនុវត្តច្បាប់៕

ប្រភព៖ Lowy Institute (ថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១)