(បានដាស៊េរីបេហ្កាវ៉ាន់)៖ នៅថ្ងៃសៅរ៍នេះ ព្រុយណេដែលជាប្រធានអាស៊ាន បានប្រកាសថា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) នឹងមិនទទួលបានការអញ្ជើញឲ្យចូលរួម កិច្ចប្រជុំកំពូលអាស៊ាន ក្នុងខែតុលានេះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១។

ការសម្រេចចិត្តខាងលើ ត្រូវបានធ្វើឡើង ដោយក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងកិច្ចប្រជុំពិសេសមួយ កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ។ កិច្ចប្រជុំនោះ មានគោលដៅពិគ្រោះអំពីភាពបរាជ័យ របស់របបដឹកនាំយោធាមីយ៉ាន់ម៉ា ក្នុងការគោរពតាមផែនការសន្តិភាព ដែលខ្លួនបានព្រមព្រៀងគ្នាជាមួយអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ព្រុយណេ គឺមិនមានការលើកឡើងចំៗពីឈ្មោះលោក មីន អោង ហ្លេង នោះទេ ដោយគ្រាន់តែនិយាយថា បុគ្គលដែលមិនជាប់ពាក់ព័ន្ធនយោបាយពីប្រទេសមីយ៉ាន់ម៉ា នឹងត្រូវអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២១នេះ ក្រោយអាស៊ានពុំអាចមូលមតិគ្នាជាឯកច្ឆន្ទ ជុំវិញការអញ្ជើញអ្នកតំណាងនយោបាយ។

គួរបញ្ជាក់ថា អាស៊ានបាននិងកំពុងរងសម្ពាធកាន់ខ្លាំងឡើងៗ ឲ្យប្រកាន់គោលជំហរតឹងរ៉ឹងជាងមុន ជុំវិញភាពបរាជ័យរបស់របបយោធាមីយ៉ាន់ម៉ា ក្នុងការអនុវត្តនូវចំណាត់ការដែលបានព្រមព្រៀងគ្នា ដើម្បីបញ្ចប់អំពើហិង្សា និងបើកផ្លូវសម្រាប់ជំនួយមនុស្សធម៌ ហើយចាប់ផ្តើមកិច្ចសន្ទនា ជាមួយគូបដិបក្ខ៕