(យូអិន)៖ អគ្គនាយករងនៃអង្គការមូលនិធិកុមារ របស់អង្គការសហប្រជាជាតិ ហៅកាត់ថា យូនីសេហ្វ (UNICEF) លោក អូម៉ារ អាប់ទី (Omar Abd) នៅថ្ងៃសុក្រសប្ដាហ៍នេះបានព្រមានពីស្ថានភាពកាន់តែអាក្រក់ទៅៗ នៅប្រទេសអាហ្វហ្គានីស្ថាន ហើយតម្រូវការផ្នែកមនុស្សធម៌របស់កុមារ និងស្ត្រី នឹងកើនឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១។

លោក Omar Abdi បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅទីស្នាក់ការកណ្តាលរបស់ UN នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកថា «ស្ថានភាពគឺធ្ងន់ធ្ងរ... ហើយវានឹងកាន់តែអាក្រក់ទៅៗ... តម្រូវការមនុស្សធម៌នឹងកើនឡើង ចំពេលមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ, ការខ្វះទឹក, ការផ្លាស់ប្តូរបរិយាកាសសន្តិសុខ, ការបន្តផ្លាស់ទីលំនៅ, ផលប៉ះពាល់សេដ្ឋកិច្ចសង្គមដ៏អាក្រក់ ដោយសារការឆ្លងរីករាលដាលនៃជំងឺ COVID-19 និងការចាប់ផ្តើមនៃរដូវរងា»។

លោក Omar Abdi បាននិយាយថា សូម្បីតែមុនពេលក្រុមតាលីបង់ បានដណ្តើមកាន់កាប់អំណាច យ៉ាងហោចណាស់ក៏មានកុមារប្រមាណ ១០លាននាក់នៅទូទាំងប្រទេស កំពុងត្រូវការជំនួយមនុស្សធម៌ ដើម្បីរស់រានមានជីវិតរួចជាស្រេចទៅហើយ ហើយក្នុងនោះមានកុមារយ៉ាងហោចណាស់ ១លាននាក់ ត្រូវប្រឈមនឹងការស្លាប់ ដោយសារជំងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដោយគ្មានការព្យាបាលភ្លាមៗ ខណៈប្រព័ន្ធសុខាភិបាល និងសេវាកម្មសង្គមកំពុងឈានដល់ការដួលរលំ ដោយសារតែការផ្គត់ផ្គង់វេជ្ជសាស្រ្ត កំពុងមានកម្រិតទាប ហើយជំងឺកញ្ជ្រិល និងជំងឺរាគរូសកំពុងកើនឡើង។

លោក Omar Abdi បានសង្កត់ធ្ងន់បន្ថែមទៀតថា ប្រព័ន្ធសេដ្ឋកិច្ចអាហ្វហ្កានីស្ថាន ក៏កំពុងជិតឈានដល់ការដួលរលំផងដែរ ដោយកត់សម្គាល់ថា គ្រូបង្រៀន និងបុគ្គលិកសុខាភិបាលជាច្រើន មិនបានទទួលប្រាក់ខែរបស់គេយ៉ាងហោចណាស់ ០២ខែមកហើយ ប៉ុន្តែពួកគេនៅតែបន្តធ្វើការ។

គួរបញ្ជាក់ថា អង្គការ UNICEF, អង្គការសហប្រជាជាតិ (UN) និងដៃគូមនុស្សធម៌ផ្សេងទៀតកំពុងខិតខំប្រឹងប្រែង ដើម្បីជម្នះលើបញ្ហាកង្វះខាតហិរញ្ញវត្ថុ បញ្ហាប្រឈមផ្នែកភ័ស្តុភារ និងស្ថានការណ៍ភូមិសាស្ត្រនយោបាយ ដែលកាន់តែស្មុគស្មាញ ដើម្បីគាំទ្រស្ត្រី បុរស និងកុមាររាប់លាននាក់នៅប្រទេសអាហ្វហ្គានីស្ថាន ដែលពឹងផ្អែកលើជំនួយ និងការការពារផ្នែកមនុស្សធម៌៕