(ប៉េកាំង)៖ ពេលព្រឹកថ្ងៃទី ១៦ ខែតុលា ពិព័រណ៌កម្មសិទ្ធិបោះពុម្ភផ្សាយចិនអន្តរជាតិលើកទី ៨ ដែលសហការរៀបចំដោយរដ្ឋបាលជាតិកម្មសិទ្ធិបោះពុម្ភផ្សាយចិន នាយកដ្ឋានកម្មសិទ្ធិបោះពុម្ភផ្សាយខេត្ត Zhejiang និងរដ្ឋបាលប្រជាជនក្រុង Hangzhou បានសម្ពោធបើកនៅក្រុង Hangzhou ប្រទេសចិន។

ពិព័រណ៌កម្មសិទ្ធិបោះពុម្ភផ្សាយចិនអន្តរជាតិលើកនេះ មានរយៈពេល ៣ ថ្ងៃ ទំហំដាក់តាំងមានជិត ៣ ម៉ឺនម៉ែត្រការ៉េ មានពន្លាដាក់តាំងក្នុងស្រុក ពន្លាដាក់តាំងអន្តរជាតិ និងពន្លាដាក់តាំងឧស្សាហកម្មកម្មសិទ្ធិបោះពុម្ភផ្សាយជាដើម ដោយផ្តោតលើការដាក់តាំងបង្ហាញស្នាដៃ មានកម្មសិទ្ធិបោះពុម្ភផ្សាយដ៏ឆ្នើម ដូចជាសៀវភៅ វីដេអូ តន្ត្រីភាពយន្ត និងភាពយន្តភាគ ល្បែងជីវចលជាដើម ដែលបានបង្ហាញដោយពេញលេញនូវសមិទ្ធផលអភិវឌ្ឍន៍ នៃឧស្សាហកម្មកម្មសិទ្ធិបោះពុម្ភផ្សាយរបស់ប្រទេសចិន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ អង្គភាព អង្គការ និងសហគ្រាសពាក់ព័ន្ធជាង ៣០០ បានចូលរួមពិព័រណ៌លើកនេះ។

សូមបញ្ជាក់ថា ពិព័រណ៌កម្មសិទ្ធិបោះពុម្ភផ្សាយចិនអន្តរជាតិ ជាពិព័រណ៌ឯកទេសខាងកម្មសិទ្ធិបោះពុម្ភផ្សាយ អន្តរជាតិជាលក្ខណៈចម្រុះ ដែលប្រកបដោយកម្លាំងឥទ្ធិពលបំផុតរបស់ប្រទេសចិន វាបានក្លាយជាវេទិកាសំខាន់សម្រាប់ដាក់តាំងបង្ហាញ សមិទ្ធផលការពារកម្មសិទ្ធិបោះពុម្ភផ្សាយ ជំរុញការធ្វើពាណិជ្ជកម្មកម្មសិទ្ធិបោះពុម្ភផ្សាយ និងជំរុញការផ្លាស់ប្តូរខាងកម្មសិទ្ធិបោះពុម្ភផ្សាយរវាងចិន និងបរទេស៕