(ប៉េកាំង)៖ វេទិកាស្រាវជ្រាវប្រទេសចិនពិភពលោកលើកទី ៩ នឹងបើកធ្វើនៅទីក្រុងសៀងហៃនៅថ្ងៃទី១៨ ទី១៩ ខែតុលា ក្រោមប្រធានបទ «បក្សកុម្មុយនិស្តចិន ប្រទេសចិន ពិភពលោក»។

វេទិកាស្រាវជ្រាវប្រទេសចិនពិភពលោកលើកទី ៩ នឹងអញ្ជើញបញ្ញាវ័ន្តល្បីឈ្មោះជាតិ និងអន្តរជាតិចំនួន ១៥៦ រូបចូលរួមកិច្ចប្រជុំ ដោយផ្តោតលើវិស័យជាច្រើនទាំងនយោបាយសេដ្ឋកិច្ច វប្បធម៌ សង្គម និងទំនាក់ទំនងអន្តរជាតិជាដើម ដើម្បីពិភាក្សាពីដំណើរ ១០០ ឆ្នាំនៃបក្សកុម្មុយនិស្តចិន ក៏ដូចជាអត្ថន័យចំពោះការអភិវឌ្ឍរបស់ប្រទេសចិន និងពិភពលោកនាពេលអនាគត។

វេទិកាលើកនេះមានមហាមីទ្ទីងពេញអង្គ និងសាខាវេទិកាចំនួន ៥។ សាខាវេទិកាចំនួន ៥ ធ្វើឡើងក្រោមប្រធានបទដោយឡែកពីគ្នារួមមាន «មាគ៌ាទំនើបកម្មរបស់ចិន» «ការអនុវត្តជាក់ស្តែងរបស់ចិន និងអភិបាលកិច្ចសកល» «ផែនការ ៥ ឆ្នាំទី ១៤ របស់ចិន និងការស្តារសេដ្ឋកិច្ចពិភពលោក» «អរិយាធម៌សម្បូរបែប វាសនារួមគ្នា» និង «អនាគតរួម និងការអនុវត្តរបស់យុវជន»។

សូមបញ្ជាក់ថា វេទិកាស្រាវជ្រាវប្រទេសចិនពិភពលោក បើកធ្វើវេទិកាស្នូលនៅទីក្រុងសៀងហៃពីរឆ្នាំម្តង បានមានអាយុកាលជាង ១៧ឆ្នាំហើយ៕