(ប៉ាឡេស្ទីន)៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានព្រមានថាស្ថានការណ៍នៅក្នុងដែនដីប៉ាឡេស្ទីនបានធ្លាក់ចូលក្នុងស្ថានភាពមួយដែល «មិនអាចទ្រាំបាន» ដោយសារតែការរំលោភបំពានរបស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១។

ការព្រមានខាងលើរបស់លោក Mahmoud Abbas ធ្វើឡើងនៅក្នុងជំនួបជាមួយក្រុមអ្នកជំនួញប៉ាឡេស្ទីននៅឯការិយាល័យរបស់លោកក្នុងទីក្រុង Ramallah នៃតំបន់ West Bank កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ ប្រធានាធិបតីប៉ាឡេស្ទីនរូបនេះក៏បានអំពាវនាវផងដែរឱ្យសហរដ្ឋអាមេរិកគោរពពាក្យសម្ដី របស់ខ្លួនឯងចំពោះសន្តិភាព ហើយជំរុញឱ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពជាបន្ទាន់ ដើម្បីបិទបញ្ចប់ការធ្វើអាណានិគមរបស់អ៉ីស្រាអែលលើដែនដី ប៉ាឡេស្ទីន។

គួរបញ្ជាក់ថា កិច្ចចរចាដោយផ្ទាល់រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីនគាំទ្រដោយសហរដ្ឋអាមេរិក បានជាប់គាំងតាំងតែពីឆ្នាំ២០១៤មកម្ល៉េះ បន្ទាប់ពីការខ្វែងគំនិត គ្នាយ៉ាងខ្លាំងជុំវិញការសាងសង់ផ្ទះនៅលើទឹកដីប៉ាឡេស្ទីនពីសំណាក់ភាគីអ៉ីស្រាអែល និងការទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋមួយដែលកំណត់យកតាមព្រំដែន កាលពីឆ្នាំ១៩៦៧៕