(ឡុងដ៍)៖ សមាជិកសភាអង់គ្លេស អាចនឹងទទួលបានការការពារពីប៉ូលិស ឬពីអង្គរក្សឯកជន បន្ទាប់ពីសមាជិកសភាមកពីគណបក្សអភិរក្សនិយម លោក David Amess ត្រូវបានគេធ្វើឃាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១។

គម្រោងរៀបចំសន្តិសុខសម្រាប់អ្នកនយោបាយអង់គ្លេស បានស្ថិតនៅក្រោមការត្រួតពិនិត្យ និងពិចារណាចាប់តាំងពីសមាជិកសភាលោកស្រី Jo Cox ត្រូវបាន គេធ្វើឃាតកាលពីឆ្នាំ២០១៦មកម្ល៉េះ។ ប៉ុន្តែ ការធ្វើឃាតលោក David Amess កាលពីសប្ដាហ៍មុន កាន់តែជំរុញឱ្យមានការជជែកដេញដោលយ៉ាងផុលផុសពី ការរឹតបន្តឹងសន្តិសុខការពារអ្នកនយោបាយនៅក្នុងប្រទេសអង់គ្លេស ខណៈសមាជិកសភាមួយចំនួនចាប់ផ្ដើមទទួលបានការគាំពារសន្តិសុខជាបណ្ដើរៗ។

គួរបញ្ជាក់ថា លោក David Amess ត្រូវបានឃាតកចាក់សម្លាប់ជាច្រើនកាំបិតកាលពីសប្ដាហ៍មុន ហើយជនសង្ស័យជាឃាតកមានឈ្មោះថា Ali Harbi Ali ត្រូវ បានប៉ូលិសអង់គ្លេសចាប់ខ្លួន។ ជនសង្ស័យរូបនេះជាពលរដ្ឋអង់គ្លេស ដើមកំណើតសូម៉ាលីត្រូវបានផ្ទេរពីមន្ទីរឃុំឃាំងមួយក្នុងទីក្រុង Essex ទៅកាន់ស្ថានីយប៉ូលិលក្នុងទីក្រុងឡុងដ៍។ មូលហេតុនៃការចាក់សម្លាប់សមាជិកសភារូបនេះមិនទាន់ត្រូវបានបញ្ជាក់លម្អិតនោះទេ ស្របពេលប៉ូលិសកំពុងធ្វើ ការស៊ើបអង្កេតនៅឡើយ៕