(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលស្រមោលដែលកំពុងបន្តសកម្មភាពប្រឆាំង ចំពោះរបបយោធានៅមីយ៉ាន់ម៉ា បានប្រកាសស្វាគមន៍ការសម្រេចចិត្តរបស់អាស៊ាន ដែលមិនអញ្ជើញុលោក មីន អោង ហ្លេង (Min Aung Hlaing) ឲ្យចូលរួមកិច្ចប្រជុំកំពូលរបស់អាស៊ាន ដែលគ្រោងនឹងធ្វើឡើងនៅចុងខែតុលានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១។

រដ្ឋាភិបាលស្រមោលខាងលើនេះ ក៏បានប្រកាសគាំទ្របន្ថែមទៀតផងដែរ ចំពោះការសម្រេចអញ្ជើញ «តំណាងដែលមិនពាក់ព័ន្ធនយោបាយ» ពីប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យចូលរួមកិច្ចប្រជុំនាពេលខាងមុខនេះ។ រដ្ឋាភិបាលស្រមោល ឬក្រុមប្រឆាំងរបបយោធាមីយ៉ាន់ម៉ា ហៅកាត់ថា NUG ក៏បាន សំណូមពរផងដែរថា អ្នកដែលអាស៊ាននឹងអញ្ជើញឲ្យទៅចូលរួមកិច្ចប្រជុំកំពូល នៅពេលខាងមុខនេះ «មិនគួរជាតំណាងបន្លំខ្លួន» របស់រដ្ឋាភិបាលយោធានោះឡើយ។ NUG ក៏បានចាត់ទុកការមិនអញ្ជើញលោក មីន អោង ហ្លេង នោះ គឺជាការបោះជំហានដ៏សំខាន់មួយ ពីសំណាក់អាស៊ាន ហើយថែមទាំងបានជំរុញឲ្យអាស៊ានទទួលស្គាល់ NUG ជាតំណាងស្របច្បាប់របស់ប្រទេសមីយ៉ាន់ម៉ាផងដែរ។

គួរបញ្ជាក់ថា ការបោះជំហានរបស់អាស៊ានលើកនេះ គឺត្រូវបានគេមើលឃើញថា ជាភាពមិនធម្មតាមួយរួចទៅហើយ ព្រោះប្លុកអាស៊ានដែលមានសមាជិកសរុប ១០ប្រទេសនេះ តែងតែឈរលើនយោបាយ មិនលូកលាន់កិច្ចការផ្ទៃក្នុងគ្នាឡើយ។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ព្រុយណេដែលជាប្រធានអាស៊ានបានប្រកាសថា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង នឹងមិនទទួលបានការអញ្ជើញឲ្យចូលរួម កិច្ចប្រជុំកំពូលអាស៊ាននោះឡើយ។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងកិច្ចប្រជុំពិសេសមួយ។

កិច្ចប្រជុំកាលពីយប់ថ្ងៃសុក្រស ប្តាហ៍មុននេះ បានស្ថិតក្នុងគោលដៅពិគ្រោះអំពីភាពបរាជ័យ របស់របបដឹកនាំយោធាមីយ៉ាន់ម៉ា ក្នុងការគោរពតាមផែនការសន្តិភាព ដែលខ្លួនបានព្រមព្រៀងគ្នាជាមួយអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ព្រុយណេ គឺមិនមានការលើកឡើងចំៗពីឈ្មោះលោក មីន អោង ហ្លេង នោះទេ ដោយគ្រាន់តែនិយាយថា បុគ្គលដែលមិនជាប់ពាក់ព័ន្ធនយោបាយពីប្រទេសមីយ៉ាន់ម៉ា នឹងត្រូវអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២១នេះ ក្រោយអាស៊ានពុំអាចមូលមតិគ្នាជាឯកច្ឆន្ទ ជុំវិញការអញ្ជើញអ្នកតំណាងនយោបាយ៕