(វ៉ាស៊ីនតោន)៖ កាសែត New York Times បានចេញផ្សាយនាដើមសប្តាហ៍នេះថា រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក កំពុងតែត្រៀមចេញការអនុញ្ញាត ឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ ឬ ដូសទី ៣» បន្ថែមទៀត បន្ថែមពីលើវ៉ាក់សាំងតែមួយម៉ាក ដែលត្រូវបានអនុម័តឲ្យប្រើកាលពីលើកមុន។ នេះបើតាមការដកស្រង់ព័ត៌មាន នាព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១។

កាលពីខែកញ្ញាកន្លងទៅនេះ FDA បានអនុម័តឲ្យប្រើវ៉ាក់សាំងដូសទី ៣ របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ពលរដ្ឋអាមេរិកដែលមានអាយុ ៦៥ឆ្នាំឡើងទៅ និងអ្នកដែលត្រូវបានចាត់ទុកថា ស្ថិតនៅក្នុងហានិភ័យខ្ពស់នៃការឆ្លងជំងឺ COVID-19។ ឥឡូវនេះ ក្រុមប្រឹក្សាយោបល់របស់ FDA បានគាំទ្ររួចហើយ ចំពោះការប្រើប្រាស់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញរបស់ក្រុមហ៊ុន Moderna និង Johnson & Johnson ហើយពួកវានឹងត្រូវអនុម័តឲ្យប្រើជាផ្លូវការ នាពេលខាងមុខ។

សេចក្តីរាយការណ៍បន្ថែមពី New York Times បានឲ្យដឹងទៀតថា អាជ្ញាធរសុខាភិបាលអាមេរិក ទំនងជាមិនណែនាំឲ្យប្រើប្រាស់វ៉ាក់សាំងដូស ៣ ឬ ដូសជំរុញ ខុសពីម៉ាកវ៉ាក់សាំងដែលពលរដ្ឋបានចាក់ កាលពីលើកមុននោះឡើយ ហើយការសម្រេចចិត្តនាពេលខាងមុខនេះ ទំនងជានឹងណែនាំឲ្យពលរដ្ឋ ចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី ៣ ឲ្យស្របទៅនឹងម៉ាកវ៉ាក់សាំង ដែលពួកគេបានចាក់កាលពីដើម។

គួរបញ្ជាក់ថា អាជ្ញាធរអាមេរិកត្រូវបានជំរុញឲ្យអនុម័ត វ៉ាក់សាំងដូសជំរុញកាន់តែច្រើន បន្ទាប់ពីការរាតត្បាតវីរុសបំប្លែងខ្លួន Delta បូករួមទាំងករណីឆ្លង និងស្លាប់បានកើនឡើងវិញខ្លាំង។ យោងតាមការសិក្សាកន្លងមកនេះ នៅទូទាំងសហរដ្ឋអាមេរិកបានបង្ហាញថា អ្នកដែលបានចាក់វ៉ាក់សាំងតែ ១ ដូស របស់ក្រុមហ៊ុន Johnson & Johnson អាចបង្កើតប្រព័ន្ធភាពសុំាបានខ្លាំង និងយូរជាង វ៉ាក់សាំង ២ដូស របស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna៕