(សេអ៊ូល)៖ ប្រភពពីមន្ត្រីកូរ៉េខាងត្បូង និងជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បង «គ្រាប់មីស៊ីលបាលីស្ទីក» យ៉ាងហោចណាស់ចំនួន ១គ្រាប់ ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP។

ការបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទីក (មីស៊ីលដែលមានសមត្ថភាព អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ) របស់កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ គឺជាលើកចុងក្រោយបំផុតហើយ។ វាបានកើតមានឡើង ចំពេលដែលប្រទេសកូរ៉េខាងត្បូង កំពុងតែរៀបចំពិធីដ៏ធំមួយ ដើម្បីតាំងបង្ហាញសព្វាវុធ, មន្ត្រីចារកម្មកំពុងជួបពិភាក្សាគ្នា ដើម្បីឆ្លើយតបបញ្ហានុយក្លេអ៊ែរ និងការត្រៀមខ្លួនសម្រាប់វិស័យអវកាស។

បើតាមមន្ត្រីយោធាកូរ៉េខាងត្បូង គ្រាប់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញពីតំបន់ ស៊ីនផូ (Sinpo) ស្ថិតនៅជាប់ឆ្នេរសមុទ្រភាគខាងកើត ប្រទេសកូរ៉េខាងជើង កាលពីវេលាម៉ោង ១០៖១៧នាទីព្រឹកថ្ងៃអង្គារនេះ ម៉ោងទីក្រុងសេអ៊ូល។ កូរ៉េខាងជើងក៏ធ្លាប់បានបាញ់សាកល្បង គ្រាប់មីស៊ីលជាច្រើនប្រភេទរួចមកហើយ ចេញពីតំបន់នេះកាលពីលើកមុន។

គួរបញ្ជាក់តាមក្រុមមន្ត្រីយោធាកូរ៉េខាងត្បូង បានអះអាងថា ពួកគេកំពុងតាមដានស្ថានការណ៍ខាងលើនេះ យ៉ាងដិតដល់ជាទីបំផុត ហើយក៏ត្រៀមខ្លួនដើម្បីសហការជាមួយសហរដ្ឋអាមេរិក នៅគ្រប់ពេលវេលាផងដែរ។ នៅក្នុងសប្តាហ៍នេះ តំណាងមកពីក្រុមហ៊ុនអន្តរជាតិរាប់រយក្រុមហ៊ុន និងតំណាងយោធាអន្តរជាតិផងដែរ កំពុងតែជួបជុំគ្នានៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដើម្បីបើកពិព័រណ៍អំពីវិស័យអវកាស និងការពារជាតិ (ADEX) ដ៏ធំប្រចាំឆ្នាំ២០២១៕