(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ក្រុមនាវាយោធាសរុប១០គ្រឿងរបស់ចិននិងរុស្ស៉ី បានធ្វើដំណើររួមគ្នាឆ្លងកាត់ច្រកសមុទ្រ ស៊ូហ្ការូ ដែលនៅចន្លោះកោះហុកកៃដូ និងកោះហុនស៊ូរបស់ប្រទេសជប៉ុន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១។

ទីក្រុងតូក្យូបានប្រាប់ថា ការចល័តនាវាយោធារបស់ប្រទេសទាំងពីរ មិនបានបំពានចូលដែនទឹករបស់ជប៉ុនឡើយ ហើយក៏មិនមានការរំលោភ លើច្បាប់អន្តរជាតិណាមួយដែរ។ ខណៈច្រកសមុទ្រ ស៊ូហ្ការូ ត្រូវបានចាត់ទុកជា ដែនទឹកអន្តរជាតិក៏ដោយ ទំនាក់ទំនងរបស់ជប៉ុនជាមួយចិន បានជួបភាពរកាំរកូសជាយូរមកហើយ ដោយសារវិវាទជុំវិញកូនកោះមួយក្រុម នៅតំបន់សមុទ្រចិនខាងកើត។ ជប៉ុនក៏មានទំនាស់រឿងកោះ ជាមួយរុស្ស៉ីផងដែរ។

គួរបញ្ជាក់ថា កាលពីចន្លោះថ្ងៃទី១៤-១៧ ខែតុលា ឆ្នាំ២០២១នេះ ចិននិងរុស្ស៉ីបានប្រារព្ធសមយោធាជើងទឹករួមគ្នា នៅលើផ្ទៃសមុទ្រជប៉ុន ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិទ័ពជើងទឹក រវាងប្រទេសទាំងពីរ ដែលមានការចូលរួមពីនាវាចម្បាំង និងនាវាយោធាផ្សេងៗទៀត ពីកងអង្គភាពប៉ាស៉ីហ្វិក នៃកងទ័ពជើងទឹករុស្ស៉ីផងដែរ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងនិងទីក្រុងម៉ូស្គូ បានប្រឹងប្រែងពង្រឹងចំណងទាក់ទងផ្នែកការទូតនិងយោធា ជាមួយគ្នាឲ្យកាន់តែរឹងមាំ ខណៈដែលទំនាក់ទំនងរបស់ប្រទេសទាំងពីរ ជាមួយលោកខាងលិច បានចុះអន់ថយ៕