(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឲ្យដឹងថា បេសកជនជាន់ខ្ពស់អាមេរិកប្រចាំអាហ្វហ្កានីស្ថាន លោក ហ្សាល់មេ ខាលីលហ្សាដ (Zalmay Khalilzad) បានដាក់ពាក្យលាលែងពីតួនាទីហើយ ពោលគឺជិត២ខែ ក្រោយដំណើរការដកខ្លួនយ៉ាងចលាចលរបស់សហរដ្ឋអាមេរិក និងការឡើងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានរបស់ក្រុមតាលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនកិន (Antony Blinken) បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា លោក Khalilzad នឹងត្រូវជំនួស ដោយលោក ថម វែស (Tom West) ដែលជាបេសកជនរង។ សម្រាប់ជំនួបទល់មុខគ្នាលើកដំបូងជាផ្លូវការ រវាងរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងក្រុមតាលីបង់ ដែលបានប្រព្រឹត្តទៅកាលពីជាងមួយសប្តាហ៍មុន នៅទីក្រុងដូហា ប្រទេសកាតា ក្រោយការដកខ្លួនរបស់អាមេរិក លោក Khalilzad ក៏មិនបានចូលរួមដែរ។

គួរបញ្ជាក់ថា លោក Khalilzad ដែលបានកើតនៅក្នុងប្រទេសអាហ្វហ្កានីស្ថានផ្ទាល់ បានកាន់តំណែងជាបេសកជននេះ ចាប់តាំងពីឆ្នាំ២០១៨ ហើយលោកគឺជាអ្នកដឹកនាំកិច្ចចរចាជាមួយក្រុមតាលីបង់ ដែលឈានទៅសម្រេចបានកិច្ចព្រមព្រៀងកាលពីខែកុម្ភៈ ឆ្នាំ២០២០ សម្រាប់ការដកខ្លួនរបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២១នេះ។

ក្រោយមក លោក Khalilzad ក៏បានប្រឹងប្រែងជំរុញឲ្យតាលីបង់ និងរដ្ឋាភិបាលអតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក អាស្រាហ្វ ហ្កានី (Ashraf Ghani) ព្យាយាមចរចាគ្នាស្វែងរកដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់វិវាទរាប់ទសវត្សរ៍ នៅអាហ្វហ្កានីស្ថានដោយសន្តិវិធីផងដែរ។ ក៏ប៉ុន្តែ កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២១នេះ រដ្ឋាភិបាលលោក Ghani បានដួលរលំ ខណៈតាលីបង់បានចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល បន្ទាប់ពីដណ្តើមតំបន់សំខាន់ៗជាច្រើន៕