(ញូដេលី)៖ នៅពេលអូស្ត្រាលី, អង់គ្លេស និងសហរដ្ឋអាមេរិកប្រកាសបង្កើតសម្ព័ន្ធភាពយោធាត្រីភាគី AUKUS កាលពីខែមុន, រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ហាស់ វ៉ាដហាន់ ស្រ៊ីនក្លា (Harsh Vardhan Shringla) បាននិយាយថាសម្ព័ន្ធភាពថ្មីនេះមិនមានជាប់ពាក់ព័ន្ធ ហើយក៏នឹងមិនជះឥទ្ធិពលអាក្រក់អ្វីដល់កិច្ចសន្ទនាសន្តិសុខចតុភាគី Quad នោះទេ។ ការកត់សម្គាល់បែបនេះដែលធ្វើឡើងតែប៉ុន្មានសប្ដាហ៍ មុននឹងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បំពេញ ទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមក្នុងកិច្ចប្រជុំ កំពូល Quad កាលពីថ្ងៃទី២៤ ខែកញ្ញាកន្លងទៅនេះត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងរបស់ឥណ្ឌាចង់បញ្ជាក់ប្រាប់គេឯងថា AUKUS មិនសូវមានសារៈសំខាន់សម្រាប់ខ្លួន ខណៈទីក្រុងញូដេលី ត្រូវបានធីបចេញពីសម្ព័ន្ធភាពត្រីភាគីនេះ។

តែតាមពិតទៅ, AUKUS មានជាប់ពាក់ព័ន្ធមិនអាចប្រកែកបានទៅនឹងការចូលរួម និងយុទ្ធសាស្ត្ររបស់ឥណ្ឌាចំពោះ Quad។ ដ្បិត មិនថា AUKUS ឬ Quad នោះទេ សុទ្ធតែមាន គោលដៅចម្បងតម្រង់ទៅរកចិន។ មានន័យថាបញ្ហាមួយចំនួនដែលឥណ្ឌាត្រូវប្រឈមនឹង AUKUS គឺដូចគ្នាទៅនឹង Quad ដែរ នោះគឺជំហររបស់ឥណ្ឌា ថាតើគួរចូលរួមរបៀបណា ដើម្បីខ្ទប់ឥទ្ធិពលចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយមិនចាំបាច់ពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក?

*ដៃគូនៅក្នុង «លំហយុទ្ធសាស្ត្រ»

កិច្ចសន្ទនាសន្តិសុខចតុភាគី ឬហៅកាត់ថាក្វាដ (Quad) បានលេចចេញជារូបរាងកាលពីឆ្នាំ២០០៤ នៅពេលមួយដែលសហរដ្ឋអាមេរិក, អូស្ត្រាលី, ឥណ្ឌា និងជប៉ុនសហការគ្នា ផ្ដល់ជំនួយមនុស្សធម៌ដល់បណ្ដាប្រទេសរងគ្រោះដោយសារគ្រោះរញ្ជួយដី និងរលកយក្សសូណាមិ (tsunami)។ នៅឆ្នាំ២០០៦, អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ាន់ម៉ូហាន់ ស៊ីង (Manmohan Singh) និងអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយថា «ឥណ្ឌា ជប៉ុន និងបណ្ដាប្រទេសដទៃដែល មានគំនិតដូចគ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចំាបាច់ត្រូវតែសហការគ្នាឈរលើផលប្រយោជន៍ទៅវិញទៅមក។ រហូតដល់ឆ្នាំ២០០៧, ទើបលោក អាបេបានចាប់ផ្ដើមនិយាយដោយ ចំហដោយប្រដូចតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជា «លំហយុទ្ធសាស្ត្រមួយ» ជាមួយការសង្កត់ធ្ងន់ពីសក្ដានុពលនៃមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក រួមទាំងចំណុចប្រសព្វគ្នារវាង មហាសមុទ្រទាំង២។

មានមូលហេតុធំ ២ ដែលបង្ហាញពីចេតនា និងចក្ខុវិស័យនៅពីក្រោយការបង្កើត Quad។ ទីមួយ នោះគឺសហរដ្ឋអាមេរិក, អូស្ត្រាលី, ឥណ្ឌា និងជប៉ុនសម្លឹងឃើញផលប្រយោជន៍
យ៉ាងធំធេង នៅក្នុងការថែរក្សាការពារនូវអ្វីដែលពួកគេហៅថា «សណ្ដាប់ធ្នាប់អន្តរជាតិ»។ ទី២ គឺប្រទេសជាសមាជិក Quad យល់ឃើញដូចគ្នាថាការកើនឡើងឥទ្ធិពលចិន និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន (BRI) បង្កការគំរាមកំហែងដល់ពួកគេ និងតំបន់ទាំងមូល។ Quad បានដេកលង់លក់អស់ជាច្រើនឆ្នាំ រហូតដល់ឆ្នាំ២០១៧ ទើប អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដាស់សម្ព័ន្ធភាពមួយនេះឱ្យភ្ញាក់ពីដំណេក។ រដ្ឋបាលលោក ដូណាល់ ត្រាំ មើលឃើញថាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកគឺជាទីលានប្រកួត ប្រជែងដ៏សំខាន់បំផុតជាមួយចិន ហើយបានចាត់ទុកថាឥណ្ឌាអាចនឹងដើរតួនាទីមិនអាចខ្វះបានដើម្បីប្រឆាំងឥទ្ធិពលចិននៅក្នុងតំបន់។

*ភាពស្មុគស្មាញរបស់ Quad

ដោយសារតែជម្លោះព្រំដែនជាមួយចិន បានរុញឱ្យឥណ្ឌាបោះដៃទៅរក Quad។ ប៉ុន្តែ ឥណ្ឌានៅតែអល់អែកក្នុងការចូលរួមឱ្យពេញទំហឹងជាមួយ Quad។ ចក្ខុវិស័យរបស់ឥណ្ឌាលើ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺផ្តោតសំខាន់ទៅលើមហាសមុទ្រឥណ្ឌា ជាជាងមហាសមុទ្រប៉ាស៊ីហ្វិកជាទីដែលឥទ្ធិពលចិនកំពុងកើនឡើងបង្កការព្រួយបារម្ភដល់សហរដ្ឋអាមេរិក, អូស្ត្រាលី និងជប៉ុន។ សម្រាប់ឥណ្ឌា, តំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺលាតសន្ធឹងពីតំបន់ឆ្នេរភាគខាងកើតនៃតំបន់អាហ្វ្រិក រហូតដល់តំបន់ប៉ាស៊ីហ្វិកភាគខាងលិច និងភាគខាងត្បូង ព្រមទាំងរួមបញ្ចូលផ្នែកខ្លះនៃតំបន់មជ្ឈិមបូព៌ា។ នេះគឺផ្ទុយគ្នាទាំងស្រុងទៅនឹងចក្ខុវិស័យរបស់សហរដ្ឋអាមេរិកដែលមិនបានរាប់បញ្ចូលតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ាចូលទៅក្នុង យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនឡើយ។

ឥណ្ឌា មិនយល់ស្របចំពោះទស្សនៈ ឬការយល់ឃើញថា Quad ជា «សម្ព័ន្ធភាពប្រជាធិបតេយ្យប្រឆាំងចិន» ដូចដែលលោក ចូ បៃដិនឱ្យនិយមន័យនោះទេ។ ឥណ្ឌាត្រូវបានគេ សន្មត់ថាបានបោះបង់ចោល «នយោបាយមិនចូលបក្សសម្ព័ន្ធ» នៅក្រោយការបញ្ចប់សង្រ្គាមត្រជាក់មកម្ល៉េះ ប៉ុន្តែធាតុពិត ឥណ្ឌានៅតែមិនមានបំណងពិតប្រាកដចូលរួម ក្នុងសម្ព័ន្ធភាពជាមួយប្រទេស ឬក្រុមប្រទេសណាមួយនោះទេ។ ឥណ្ឌាពិតជាមានការព្រួយបារម្ភពីការកើនឡើងឥទ្ធិពលចិនប្រាកដមែន តែឥណ្ឌាក៏ត្រូវប្រឈមមុខនឹងការពិតមួយ ដែលមិនអាចប្រកែកបានផងដែរ គឺក្នុងឆ្នាំ២០២១នេះ ចិនបានវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាដៃគូពាណិជ្ជកម្មធំលំដាប់ទី១ របស់ទីក្រុងញូដេលី។

បញ្ហាដែលឥណ្ឌាត្រូវប្រឈមដែរ នោះគឺសម្ព័ន្ធភាពនៃបណ្ដាប្រទេសប្រជាធិបតេយ្យដូចជា Quad អាចនឹងបង្កើនក្ដីរំពឹងខ្ពស់ថាសម្ព័ន្ធភាពបែបនេះនឹងក្លាយជាតួអង្គលើកកម្ពស់ ប្រជាធិបតេយ្យនៅជុំវិញពិភពលោក។ ប៉ុន្តែ ថ្វីបើឥណ្ឌាត្រូវបានគេចាត់ទុកថាជាប្រទេសប្រជាធិបតេយ្យធំជាងគេបំផុតនៅលើពិភពលោកពិតមែន យក្សមួយនេះមិនមានឆន្ទៈ ឬឧត្តមគតិប្រជាធិបតេយ្យពិតប្រាកដនោះទេ ដោយសូម្បីតែលោក ណារិនដ្រា ម៉ូឌី ក៏ត្រូវបានគេចោទថាកំពុងក្លាយជាជនផ្ដាច់ការម្នាក់ផងដែរ។ មួយវិញទៀត ខណៈទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងឥណ្ឌាមានភាពរីកចម្រើនទៅមុខយ៉ាងលឿនរហ័សនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ តែឥណ្ឌានៅតែមានការព្រួយបារម្ភ និងសង្ស័យថាតើ សហរដ្ឋអាមេរិក គឺជាដៃគូដ៏គួរឱ្យទុកចិត្ត និងអាចពឹងផ្អែកបានក្នុងរយៈពេលវែងដែរ ឬក៏យ៉ាងណា? ការសង្ស័យនេះមានមួយផ្នែកគឺជាប់ពាក់ព័ន្ធទៅនឹងភាពមិនច្បាស់លាស់របស់ ឥណ្ឌា ចំពោះប្រជាធិបតេយ្យនេះឯង ដែលគេយល់ថាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ជំនឿចិត្ត និងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។

*ឥណ្ឌាគិតបែបណាចំពោះ AUKUS?

សម្ព័ន្ធចតុភាគី Quad មិនមែនជាអង្គការ NATO ក្នុងតំបន់អាស៊ីនោះទេ ហើយក៏មិនមានការប្ដេជ្ញាចិត្តលើ «សន្តិសុខសមូហភាព» នោះដែរ។ កិច្ចសហប្រតិបត្តិការសន្តិសុខរបស់Quad តែងតែធ្វើឡើងជាលក្ខណៈទ្វេភាគីក្រោមក្របខណ្ឌនៃកិច្ចប្រជុំ ២បូក២ នោះគឺកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេស។ ចំណែកឯ សម្ព័ន្ធភាពត្រីភាគី AUKUS វិញត្រូវបានគេមើលឃើញថាមានគោលដៅយ៉ាងច្បាស់ពេកទៅលើចិន ដែលនេះផ្ទុយពីនយោបាយការបរទេស និងជំហរសព្វថ្ងៃរបស់ឥណ្ឌា។ ដូច្នេះសម្រាប់ឥណ្ឌា, Quad មានសារៈសំខាន់ជាង ព្រោះវាអាចឱ្យឥណ្ឌាអនុវត្តរបៀបវារៈរបស់ខ្លួនបានទូលំទូលាយ និងមានភាពបត់បែនច្រើនជាង AUKUS។ ពោលគឺ ឥណ្ឌាចង់ឱ្យការកើនឡើងឥទ្ធិពលចិន ស្ថិតនៅក្រោមការគ្រប់គ្រង តែក៏មិនមែនចង់ប្រឈមមុខដោយផ្ទាល់ជាមួយចិននោះដែរ ដូចគ្នាទៅនឹងគោលនយោបាយការពារជាតិរបស់ខ្លួនដែលពឹងផ្អែកលើប្រភពផ្គត់ផ្គង់ បរិក្ខាយោធាចម្រុះក្នុងនោះរួមមានទាំងរុស្ស៊ីជាដើម។

ក្រុមអ្នកបង្កើតគោលនយោបាយនៅក្នុងប្រទេសឥណ្ឌា មានការប្រុងប្រយ័ត្នជាខ្លាំងចំពោះសម្ព័ន្ធភាព AUKUS ដែលតម្រូវឱ្យសហរដ្ឋអាមេរិកចែករំលែកបច្ចេកវិទ្យានាវាមុជទឹក នុយក្លេអ៊ែរជាមួយបណ្ដាប្រទេសជាសមាជិក Quad ដូចជាអូស្រ្តាលី តែមិនមែនឥណ្ឌា ឬសមាជិកដទៃទៀត ហើយមិនតែប៉ុណ្ណោះ AUKUS ក៏បានបំផ្លាញផលប្រយោជន៍បារាំង ដែលជាសមាជិក NATO ផងដែរ។ នៅក្នុងគោលនយោបាយការបរទេស, ឥណ្ឌាមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយបារាំងដែលជាដៃគូ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏ធំមួយ ឱ្យទីក្រុងញូដេលី។ ម្លោះហើយ ចង់ ឬមិនចង់ វានឹងធ្វើឱ្យឥណ្ឌាចាប់ផ្ដើមគិតគូពីជំហររបស់ខ្លួនឯងចំពោះសហរដ្ឋអាមេរិក ហើយកាន់តែប្រាកដក្នុងចិត្តថាការអនុវត្ត គោលនយោបាយពឹងផ្អែកលើការទិញបរិក្ខាយោធាចម្រុះ ដោយមិនពឹងផ្អែកលើប្រទេសតែមួយគត់ គឺជារឿងត្រឹមត្រូវ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ជាយុទ្ធសាស្ត្ររយៈពេលវែងដើម្បីប្រជែងជាមួយចិននៅក្នុងតំបន់, Quad ពិតជាមានសារៈសំខាន់ណាស់សម្រាប់ឥណ្ឌា ពីព្រោះថាតាមរយៈ សម្ព័ន្ធភាពនេះ ឥណ្ឌាអាចចូលរួមចំណែកកាន់តែច្រើននៅក្នុងការរៀបចំសណ្ដាប់ធ្នាប់ពិភពលោក និងខ្ទប់ឥទ្ធិពលចិន ជាពិសេសកុំធ្លាក់ឱ្យចូលទៅក្រោមការឡោមព័ទ្ធសេដ្ឋកិច្ច និងសន្តិសុខរបស់ចិន។ ផ្ទុយមកវិញ, ឥណ្ឌាក៏មានសារៈសំខាន់ចំពោះ Quad ដែរ ដោយប្រសិនបើគ្មានឥណ្ឌា នោះយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក នឹងមិនមានលក្ខណៈសម្បតិ្តគ្រប់ គ្រាន់ទេ ដោយត្រូវបាត់ពាក្យមួយដ៏សំខាន់គឺពាក្យ «ឥណ្ឌូ»

ប្រភព៖ Council on Foreign Relations (ថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១)