(ប៉េកាំង)៖ អ្នកនាំពាក្យយោធាចិនមួយរូប កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានជំរុញឲ្យសហរដ្ឋអាមេរិក បកស្រាយឲ្យបានច្បាស់លាស់ពាក់ព័ន្ធនឹង នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ យូអ៊ែសអ៊ែស ខុនណិចធីខឹត (USS Connecticut) បានបុកជាមួយវត្ថុមិនស្គាល់ប្រភព ឬប្រភេទ ពេលបំពេញប្រតិបត្តិការនៅក្រោមសមុទ្រ កាលពីដើមខែតុលា ខណៈមានការផ្សព្វផ្សាយ ដោយសារព័ត៌មានអាមេរិកផ្ទាល់ថា គឺនៅក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១។

លោក តាន់ ខេហ្វៃ (Tan Kefei) អ្នកនាំពាក្យនៃក្រសួងការពារជាតិចិន បានថ្លែងដូចខាងលើនេះ ជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក ដែលកំពុងបន្តប្រព្រឹត្តទៅនៅឡើយ ក្រោយនាវាមុជទឹក USS Connecticut របស់ខ្លួនបានជួបគ្រោះថ្នាក់ និងបង្កឲ្យនាវិកជាច្រើននាក់រងរបួស ក្រោយហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី០២ ខែតុលា។

អ្នកពាក្យក្រសួងការបរទេសចិនរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «យើងកត់សម្គាល់ឃើញថា យោធាអាមេរិកបានព្យាយាម ពន្យារពេលដោយចេតនា និងលាក់បាំងព័ត៌មានលម្អិតនៃឧប្បត្តិហេតុនេះ... វិធីសាស្រ្តដែលគ្មានភាពទទួលខុសត្រូវ និងសម្ងាត់បែបនេះ កំពុងធ្វើឱ្យប្រទេសចិន និងបណ្តាប្រទេសនៅជុំវិញសមុទ្រចិនខាងត្បូង គ្មានជម្រើសអ្វីក្រៅពីការជជីកសួររកការពិត អំពីហេតុការណ៍ និងចេតនារបស់ភាគីអាមេរិកបន្តទៀតប៉ុណ្ណោះ...»

កាលពីថ្ងៃអំលុងដើមខែតុលា សារព័ត៌មាន USNI News ដែលមានជំនាញខាងតាមដានព័ត៌មាន អំពីកងទ័ពជើងទឹកអាមេរិកបានឲ្យដឹងថា នាវាមុជទឹក USS Connecticut បានធ្វើប្រតិបត្តិការក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីត្រួតពិនិត្យសកម្មភាពរបស់ចិន នៅតំបន់ដែនកោះដែលចិនកំពុងគ្រប់គ្រង។ ក្រោយហេតុការណ៍ប៉ះទង្គិចកើតឡើង យោធាអាមេរិកបានបញ្ជូន នាវាមុជទឹក-នុយក្លេអ៊ែរខាងលើនេះ ទៅកាន់មូលដ្ឋានរបស់វានៅកោះ ហ្គាំ (Guam) ខណៈក្រុមនាវិកក្នុងនោះជាង ១០នាក់បានរងរបួស។

គួរបញ្ជាក់ថា ក្រៅពីការទាមទាររកចម្លើយពិតពីអាមេរិក លោក Tan ក៏បានរំលឹកផងដែរអំពី កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី «A-UK-US» រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី ដែលបានផ្តល់បច្ចេកវិទ្យាផលិត នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ឱ្យប្រទេសដែលគ្មានអាវុធនុយក្លេអ៊ែរ ដូចជាអូស្ត្រាលីនោះ។ ចិនបានហៅកិច្ចព្រមព្រៀងថា A-UK-US នេះថា ជាហានិភ័យនៃការរីកសាយភាយអាវុធនុយក្លេអ៊ែរ និងបញ្ហាប្រឈមធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់៕