(តូក្យូ)៖ ភ្នំភ្លើងមួយនៅប្រទេសជប៉ុន បានផ្ទុះឡើងនាថ្ងៃពុធនេះ ដោយវាបញ្ចេញផេះនិងផ្សែងរាប់ពាន់ម៉ែត្រ ឡើងទៅលើផ្ទៃអាកាស ជាហេតុនាំឲ្យអាជ្ញាធរចេញសារព្រមានដល់ ប្រជាជនឲ្យស្ថិតនៅឲ្យឆ្ងាយ ព្រោះអាចមានកម្អែរភ្លើងហូរ និងដុំថ្មខ្ទាតធ្លាក់ចុះមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១។

ភ្នំភ្លើងឈ្មោះថា អាសូ ដែលជាទីតាំងទេសចរណ៍មួយ នៅកោះគ្យូស៊ុ ភាគខាងត្បូងប្រទេសជប៉ុន បានជះផេះនិងផ្សែងឡើងដល់កម្ពស់ ៣.៥គីឡូម៉ែត្រលើផ្ទៃអាកាស នៅពេលវាផ្ទុះឡើងកាលពីវេលាម៉ោងជិត១២ថ្ងៃត្រង់ ម៉ោងនៅទីក្រុងតូក្យូ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានដំឡើងកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើងនោះ ដល់លេខ៣ ខណៈកម្រិតខ្ពស់ជាងគេគឺលេខ៥។

គួរបញ្ជាក់ថា ភ្នំភ្លើង អាសូ ធ្លាប់មានបន្ទុះកម្រិតស្រាលមួយ កាលពីឆ្នាំ២០១៩។ ចំណែកកាលពីឆ្នាំ២០១៤ ជប៉ុនបានជួបប្រទះ ហេតុការណ៍ផ្ទុះភ្នំភ្លើងដ៏អាក្រក់បំផុតមួយ ក្នុងរយៈពេលជិត៩០ឆ្នាំ ដោយមនុស្ស៦៣នាក់ បានស្លាប់នៅលើភ្នំ អុនតាកិ ក្នុងខែកញ្ញា ឆ្នាំនោះ៕