(ញូដេលី)៖ គេហទំព័រសារព័ត៌មានឥណ្ឌា «india.com» បានរាយការណ៍ឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រភេទស្រូបចូលតាមមាត់ ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនចិន ខេនស៉ីណូ បាយអូឡូជីក (CanSino Biologics) គឺមានសុវត្ថិភាព និងប្រសិទ្ធភាព។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១។

បើតាមគេហទំព័រឥណ្ឌាខាងលើ វ៉ាក់សាំងចិនជាប្រភេទបាញ់ និងស្រូបចូលតាមមាត់នេះ បានបង្ហាញពីការជំរុញកម្រិតអង្គបដិប្រាណ (អង់ទីករ) ប្រឆាំងវីរុសបង្កជំងឺ COVID-19 ក្នុងកម្រិតខ្ពស់ នៅពេលយើងប្រើប្រាស់វាជា វ៉ាក់សាំងដូសជំរុញ (booster shot)។

បើតាមរបាយការណ៍ចេញផ្សាយក្នុងកាសែត Global Times របស់ចិន, ការស្រាវជ្រាវចុងក្រោយ នៅក្នុងមន្ទីរពិសោធន៍របស់ក្រុមហ៊ុនចិន CanSino Biologics បានបង្ហាញថា វ៉ាក់សាំងប្រភេទបាញ់ និងស្រូបចូលតាមមាត់នេះ «មានសុវត្ថិភាព និងអាចជំរុញប្រព័ន្ធភាពស៊ាំ» បានខ្លាំងជាងប្រភេទវ៉ាក់សាំងទូទៅ ដែលត្រូវបានប្រើប្រាស់ជាដូសជំរុញ (ដូសទី៣) នោះទៅទៀត៕