(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ នៅក្បែររូបចម្លាក់គោសំរិទ្ធដែលឋិតនៅវិថី Wall Street ដែលជាសំណង់សម្គាល់ដ៏ល្បីឈ្មោះនៃក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ត្រូវគេដាក់ផ្លែចេកជាង១ម៉ឺនផ្លែ ហើយនៅទល់មុខនោះត្រូវគេដាក់រូបចម្លាក់រូបស្វាឳថ្មីមួយ។ អ្នករៀបចំសកម្មភាពនេះបានថ្លែងថាទង្វើនេះគឺដើម្បីតវ៉ាប្រឆាំងនឹង គម្លាតឆ្ងាយដាច់ពីគ្នារវាងអ្នកមាននិងអ្នកក្រីក្រដែលកាន់តែខ្លាំងឡើងៗព្រមនិងមូលធននិយមគ្មានចិត្តអាណិតអាសូរផងដែរ។

តើគម្លាតឆ្ងាយដាច់ពីគ្នារវាងអ្នកមាន និងអ្នកក្រីក្រនៅសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្នមានភាពគឃ្លើនដល់កម្រិតយ៉ាងណា? ចូរឱ្យយើងមើលទិន្នន័យពីរដែលប្រព័ន្ធ បម្រុងទុកសហព័ន្ធអាមេរិកបានប្រកាសនៅពេលថ្មីៗកន្លងទៅនេះ ទីមួយ ក្រុមអ្នកមានដែលត្រូវជា១០ភាគរយនៃប្រជាពលរដ្ឋសហរដ្ឋអាមេរិកក្តាប់ជាប់ភាគហ៊ុន និងមូលនិធិចំនួន៨៩ភាគរយនៅសហរដ្ឋអាមេរិកដែលបានបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ, ទីពីរ ទ្រព្យសម្បត្តិរបស់ «អ្នកមានបំផុត» ដែលត្រូវជា ១ភាគរយ នៃប្រជាពលរដ្ឋសហរដ្ឋអាមេរិកបានលើសពីបរិមាណសរុបរបស់ទ្រព្យសម្បត្តិនៃវណ្ណៈកណ្តាល នេះជាលើកទីមួយតាំងពីអាមេរិកចាប់ផ្តើមធ្វើស្ថិតិមក។

ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានអធិប្បាយថា ទ្រព្យសម្បត្តិកាន់តែប្រមូលផ្តុំនៅក្នុងដៃអ្នកមានបំផុត នេះជាសញ្ញាថ្មីបំផុតដែលបង្ហាញឱ្យឃើញថាគម្លាតរវាង អ្នកមាន និងអ្នកក្រីក្រកាន់តែខ្លាំងឡើងៗជាបន្តបន្ទាប់។ ហេតុអ្វីបានជាប្រទេសមហាអំណាចផុតលេខលើពិភពលោក មិនអើពើសម្រែករបស់ប្រជាជនស្រទាប់ទាប ហើយ បណ្តោយឱ្យគម្លាតរវាងអ្នកមាន និងអ្នកក្រីក្រកាន់តែខ្លាំងឡើងៗ?

មូលហេតុមួយផ្នែក គឺដោយមកពីទំនាស់ដ៏ជ្រាលជ្រៅនៃមូលធននិយម។ លោក Thomas Piketty បញ្ញវន្តបារាំងបានបង្ហាញថាដោយមកពីអត្រាផលទុននៃមូលធនខ្ពស់ជាងល្បឿនកើនឡើងនៃផលិតភាពយ៉ាងច្រើន ដូច្នេះគម្លាតឆ្ងាយដាច់ពីគ្នារវាងប៉ូលទាំងពីរក្នុងសង្គម មូលធននិយមមុខជានឹងកាន់តែធ្ងន់ធ្ងរជាមិនខាន។

ប៉ុន្តែ មូលហេតុគឺមិនត្រឹមតែប៉ុណ្ណេះទេ របាយការណ៍នៃក្រុមប្រឹក្សសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចែងថា នៅសហរដ្ឋអាមេរិកដែលជាសង្គមធូរធារបែបនេះ ការកើតមានភាពក្រីក្រហួសហេតុជាលទ្ធផលនៃជម្រើសផ្នែកនយោបាយរបស់អ្នកកាន់អំណាច។ ប្រសិនបើមានឆន្ទៈនយោបាយ នោះសហរដ្ឋអាមេរិកពិតជាអាច លុបបំបាត់ចោលភាពក្រីក្រហួសហេតុជាមិនខាន។ វាច្បាស់ណាស់ សហរដ្ឋអាមេរិកខ្វះឆន្ទៈបែបនេះទេ ពីព្រោះធាតុពិតនៃនយោបាយអាមេរិកគឺនយោបាយលុយកាក់ មនុស្សឆ្នើមមួយចំនួនតូចដែលកាន់កាប់អំណាចសេដ្ឋកិច្ចនិងនយោបាយបានក្លាយជាទាសករនៃមូលធនរួចទៅហើយ។ ប្រឈមមុខនឹងបញ្ហាគម្លាត ឆ្ងាយដាច់ពីគ្នារវាងអ្នកមាន និងអ្នកក្រីក្រ ប្រការដែលពួកគេគិតមុនគេបង្អស់គឺការពារទ្រព្យសម្បត្តិរបស់ខ្លួន។

កាលពី១០ឆ្នាំមុន បាតុករ «កាន់កាប់ Wall Street» បានស្រែកថា «៩៩ភាគរយទល់នឹង១ភាគរយ» ដើម្បីតវ៉ាប្រឆាំងនឹងអយុត្តិធម៌ក្នុងសង្គមអាមេរិក។ ១០ឆ្នាំកន្លងទៅនេះ ក្បួនច្បាប់នៃសង្គម អាមេរិកនៅតែមិនកែប្រែទេ ហើយគម្លាតឆ្ងាយដាច់ពីគ្នារវាងអ្នកមាន និងអ្នកក្រីក្រគឺមានភាពកាន់តែអាប់អួរទៅៗ។

កាលពី១០ឆ្នាំមុន មានអ្នកប្រឆាំងតវ៉ា និងស្រែកដោយ ខឹងសម្បានៅ Wall Street ១០ឆ្នាំកន្លងទៅនេះ នៅទីនេះមានចេកមួយម៉ឺនផ្លែធ្វើការតវ៉ាដ៏ស្ងៀមស្ងាត់។ ប្រសិនបើអ្នកនយោបាយអាមេរិកមិនអើពើដូចកាលពីមុន នោះ សហរដ្ឋអាមេរិកប្រហែលនឹងប្រឈមមុខនឹងវិបត្តិដ៏ពិតប្រាកដមួយលើកទៀត!