(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវ នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣៨៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១។

អគ្គនាយកនៃអាជ្ញាធរប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងចំណុះឲ្យក្រសួងសុខាភិបាលឡាវ លោក រតនាសាយ ភិតសាវ៉ាន់ (Rattanaxay Phetsouvanh) បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ០២នាក់ផ្សេងទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

អ្នកជំងឺដែលបានស្លាប់ រួមមានម្នាក់គឺជាស្ត្រីអាយុ ៧១ឆ្នាំរស់នៅខេត្តសាវណ្ណខេត្ត (Savannakhet) ដែលមានជំងឺទឹកនោមផ្អែមប្រចាំកាយ។ រីឯម្នាក់ទៀតគឺជាបុរសអាយុ ៥០ឆ្នាំរស់នៅទីក្រុងវៀងច័ន្ទ (Vientiane) ដែលមានជំងឺរបេងប្រចាំកាយ។

គួរបញ្ជាក់ថា ប្រទេសឡាវត្រូវបានគេមើលឃើញថា បានគ្រប់គ្រងការឆ្លងរាតត្បាតជំងឺ COVID-19 យ៉ាងល្អប្រសើរ គិតចាប់តាំងពីការរកឃើញករណីឆ្លងចំនួន ០២ករណីដំបូង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ហើយរហូតមកទល់ពេលនេះ មានករណីឆ្លងជំងឺ COVID-19 សរុបនៅទាំងប្រទេស ៣៣,៩៩៤ករណី ក្នុងនោះមានអ្នកស្លាប់ ៤៩នាក់៕