(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៣,៦៣៦ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ សុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់១,២៥៥នាក់។

ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន៧១នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៧៧,៥៣៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៩៨,១២៤នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២១,៤៨៧នាក់៕