(ប៉េកាំង)៖ ប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំង និងច្រានចោលយ៉ាងដាច់អហង្ការចំពោះរបាយការណ៍ដែលគេហៅថា ទំនាក់ទំនងនយោបាយនិងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប(EU) និងតៃវ៉ាន់ និងបានជំរុញឱ្យសភាអឺរ៉ុបបញ្ឈប់ជាបន្ទាន់ នូវពាក្យសម្តីនិងសកម្មភាពរបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ ជុំវិញការអនុម័តនូវអ្វីដែលគេហៅថា របាយការណ៍ស្តីពីទំនាក់ទំនងនយោបាយនិងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងតៃវ៉ាន់អនុម័តដោយសភាអឺរ៉ុប។

លោក Wang បានសង្កត់ធ្ងន់ថា មានប្រទេសចិនតែមួយគត់នៅលើពិភពលោក ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីចិន។ គោលការណ៍ចិនតែមួយគឺជាការឯកភាពអន្តរជាតិនិងមូលដ្ឋាននយោបាយទំនាក់ទំនងការទូតរបស់ចិនជាមួយសហភាពអឺរ៉ុប។

លោកបានបន្ថែមថា របាយការណ៍ដែលអនុម័តដោយសភាអឺរ៉ុបនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិគោលការណ៍ចិនតែមួយ និងការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបលើបញ្ហាតៃវ៉ាន់៕