(ប៉េកាំង)៖ មនុស្សចំនួន០៤នាក់បានស្លាប់ និង៤៧នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍ផ្ទុះមួយ កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Shenyang រដ្ឋធានីខេត្ត Liaoning ភាគឦសានប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១។

នាយកដ្ឋានផ្សព្វផ្សាយទីក្រុងបាននិយាយថា ក្នុងចំណោមអ្នករងរបួស០៣នាក់បានរងរបួសធ្ងន់ ប៉ុន្តែស្ថិតក្នុងស្ថានភាពមានស្ថិរភាព ខណៈដែល ៤៤នាក់ទៀតរងរបួសស្រាល។

ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល៨និង២០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅឯភោជនីយដ្ឋានមួយនៅលើផ្លូវ Taiyuannan ក្នុងសង្កាត់ Heping។ អ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាល ហើយមូលហេតុនៃគ្រោះថ្នាក់នេះកំពុងត្រូវបានស៊ើបអង្កេត។

ការផ្ទុះនេះបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅក្នុងគ្រួសារជិត១៥,០០០គ្រួសារនៅក្បែរនោះ។ ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គីសនបានស្តារចរន្តអគ្គិសនីឡើងវិញសម្រាប់គ្រួសារភាគច្រើន ហើយកំពុងធ្វើការស្តារថាមពលឡើងវិញសម្រាប់១,៤០០គ្រួសារទៀតដែលនៅសល់៕