(សិង្ហបុរី)៖ ប្រទេសសិង្ហបុរី កំពុងចាត់វិធានការវិសាមញ្ញមួយ ដើម្បីរក្សាបានការផ្គត់ផ្គង់ថាមពល ខណៈការឡើងថ្លៃប្រេងឥន្ធនៈប៉ះពាល់ដល់ទីផ្សារអគ្គិសនីរបស់ប្រទេស ដែលពឹងផ្អែកលើការនាំចូលថាមពលមួយនេះ។ នេះបើយោងតាមកាសែត Nikkei Asia។

វិធានការនេះត្រូវបានធ្វើឡើង ក្នុងគ្រាដែលមានក្តីបារម្ភនៅទូទាំងពិភពលោកជុំវិញការផ្គត់ផ្គង់អគ្គិសនីដ៏ចង្អៀត ដែលគំរាមកំហែងដល់ទាំងក្រុមហ៊ុនអាជីវកម្ម និងអតិថិជន។ គ្រាន់តែរយៈពេលជាងមួយសប្តាហ៍ ក្រុមហ៊ុនផ្គត់ផ្គង់ការលក់រាយចំនួនបីនៅសង្ហបុរី បានប្រកាសពីការផ្អាកសេវាកម្មដោយសារកង្វះអគ្គិសនី។

កាសែត Nikkei Asia បានរាយការណ៍ថា អាជ្ញាធរទីផ្សារថាមពលរបស់សិង្ហបុរីបានឱ្យដឹងថា ខ្លួននឹងបញ្ចេញស្តុកប្រេងបម្រុងរបស់រដ្ឋាភិបាលដើម្បីផ្គត់ផ្គង់ ដល់ក្រុមហ៊ុននានាក្នុងករណីដែលការផ្គង់ផ្គង់ឧស្ម័នរងប៉ះពាល់ ឬក្នុងករណីមានតម្រូវការដើម្បីធានាបាននូវការផ្គត់ផ្គង់អគ្គិសនីដែលអាចទុកចិត្តបាន។ អាជ្ញាធរទីផ្សារថាមពលក៏បានស្នើឱ្យក្រុមហ៊ុននានាទិញប្រេងឥន្ធនៈឱ្យបានគ្រប់គ្រាន់ផងដែរ ដើម្បីយ៉ាងហោចណាស់ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន នៃផ្នែកលក់រាយរបស់ក្រុមហ៊ុនទាំងនោះ។

អាជ្ញាធរទីផ្សារថាមពលរបស់សិង្ហបុរីបានពន្យល់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វិធានការបង្ការនេះគឺជាវិធានការវិសាមញ្ញ ប៉ុន្តែជាវិធនាការចាំបាច់ដើម្បីធានាបាននូវការផ្គត់ផ្គង់ឥន្ធនៈ និងអគ្គិសនី»

ខណៈដែលការឡើងថ្លៃឥន្ធនៈបានកើតមាននៅទូទាំងពិភពលោក ប្រទេសសិង្ហបុរីដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកស្ថិតក្នុងស្ថានភាពខុសពីគេ ដោយសារ ៩៥ភាគរយនៃតម្រូវការអគ្គិសនី ត្រូវបានផលិតចេញពីឧស្ម័នធម្មជាតិដែលបាននាំចូល។ ឧស្ម័ននេះត្រូវបានចែកចាយចូលក្នុងប្រទេស ស្ថិតក្នុងតំបន់អាស៊ីអាគេ្នយ៍មួយនេះតាមបំពង់បង្ហូរឧស្ម័នពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ឬដឹកយកមកពីប្រទេសនាំចេញឧស្ម័នផ្សេងទៀត៕