(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេបាននិយាយថាលោកគឺជាអ្នកទទួលខុសត្រូវទាំងស្រុងលើសង្រ្គាមប្រឆាំងគ្រឿងញៀន ដែលបានសម្លាប់ជីវិតមនុស្ស រាប់ពាន់នាក់ ប៉ុន្តែលោកនៅតែប្រកាន់ជំហរដដែលថានឹងមិនត្រូវបានកាត់ទោសដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។

ការលើកឡើងខាងលើរបស់លោក ឌូតើតេ ធ្វើឡើងនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក ឌូតើតេ បានបញ្ជាក់ដូច្នេះថា «ប្រសិនបើត្រូវមានមនុស្សណាម្នាក់ត្រូវដើរចូលពន្ធនាគារ នោះគឺជារូបខ្ញុំ ហើយខ្ញុំសូមទទួលខុសត្រូវទាំងស្រុង»។ លោកបន្ថែមដោយរំលឹកពាក្យសម្ដីដែលលោកធ្លាប់លើកឡើងកាលពីប៉ុន្មានឆ្នាំមុនទៀតថា «ប្រសិនបើនរណាបំផ្លាញប្រទេសរបស់ខ្ញុំ, បំផ្លាញយុវជនដោយគ្រឿងញៀន និងប្រសិនបើអ្នកបំផ្លាញប្រទេសមួយនេះ ខ្ញុំនឹងសម្លាប់អ្នកចោល»

គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់លោក ឌូតើតេ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ក្រសួងយុត្តិធម៌ហ្វីលីពីនបានឱ្យដឹងថានឹងពិនិត្យឡើងវិញលើសង្រ្គាមប្រឆាំង គ្រឿងញៀនក្នុងរយៈពេលជាង៥ឆ្នាំមកនេះ ដែលបានសម្លាប់មនុស្សច្រើនជាង ៦,០០០នាក់ ជាប់សង្ស័យនឹងបទល្មើសគ្រឿងញៀន៕